កំពង់ធំ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងជាង៦ ល្ងាច សង្កាត់រដ្ឋព្រៃឈើតាំងក្រសាំង ឃាត់រថយន្តដឹកធ្យូងពីលើឈើពីក្រោម។ តាមប្រភពសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង បានបញ្ជាក់ថា ការឃាត់រថយន្តនេះ គឺយោងតាមប្រភពរាយការណ៍ពីភ្នាក់ងារពាក់ព័ន្ធ និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ទើបធ្វើការឃាត់ឆែកមើល ឃើញមានធ្យូងពីខាងលើ បន្ទាប់មកសង្ស័យ បើកទ្វាមើល ក៏ប្រទះឃើញឈើលេខ២ (ឃ្នាប និងក្តា)។ ប្រភពសមត្ថកិច្ចបញ្ជាក់ថា តាមការប៉ាន់ស្មានមិនទាន់រុះរើ មានឈើផ្ទុកក្នុងរថយន្តប្រហែល ៤ ទៅ៥ គូប។
ការដឹកឈើគ្មានច្បាប់នេះ ត្រូវបានបណ្តាញផ្សព្វផ្សាយព័ត៌មានរាយការណ៍ស្ទើរតែរៀងរាល់ថ្ងៃ បើទោះបីជាប្រមុខរដ្ឋាភិបាលធ្លាប់បានចេញបទបញ្ជាម៉ឺងម៉ាត់ឲ្យបញ្ឈប់ជំនួញឈើខុសច្បាប់ក៏ដោយ។ ក្រៅពីសេចក្តីរាយការណ៍ តាមបណ្តាញផ្សាយព័ត៌មាន ក៏មានរបាយការណ៍ស៊ើបអង្កេតនានារបស់ក្រុមអ្នកសារព័ត៌មាន និងប្រជាសហគមន៍ដែរ ដែលបង្ហាញថា ព្រៃឈើខ្មែរយើងនៅតែរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃ ។
ការដឹកលួចលាក់ដោយប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបាំងភ្នែកសមត្ថកិច្ច រថយន្តដឹកឈើគ្មានច្បាប់នេះ គេដឹកចេញពីភូមិសាស្ត្រភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ដែលមានម្ចាស់ឈ្មោះ ឌី (តែងតែអះអាងខ្លួនថា ជាក្មួយអ្នកធំមួយរូប)មានឥទ្ធិពលខ្លាំងជាងបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រីទៅទៀត មិនមានសមត្ថកិច្ចណាបង្រ្កាបបានឡើយ! ហើយបើទោះជាធ្លាប់ឃាត់បាន ក៏តែងតែមានអន្តរាគមន៍ឲ្យដោះចេញវិញភ្លាមៗបានយ៉ាងរំភើយ ។
សូមរំលឹកថា:-
ជារឿយៗ គេឃើញសមត្ថកិច្ចចាប់បានឈើដែលដឹកបន្លំតាមរថយន្តទំនើបៗ រថយន្តពេទ្យ ឬរថយន្តក្រុងជាដើម។ ប៉ុន្តែ ឈើដែលសមត្ថកិច្ចចាប់បានជាប្រភេទឈើដែលដឹកតាមមធ្យោបាយតូចតាចតែប៉ុណ្ណោះ។ ការចាប់ គឺចាប់បានតែឈើតែប៉ុណ្ណោះ ចំណែកមេឈ្មួញរកស៊ីឈើធំៗមិនដែលចាប់បានទេ។ ម្យ៉ាងទៀត តើមានឈើប៉ុន្មានទៀត ដែលពួកឈ្មួញដឹកទៅលក់បន្តជារៀងរាល់ថ្ងៃ?
ជាការពិតណាស់ មានហេតុផលគ្រប់គ្រាន់ដែលបញ្ជាក់ថាការទប់ស្កាត់ជំនួញឈើខុសច្បាប់មិនជាពិបាករហូតដល់អស់លោកមន្ត្រីជំនាញគ្រប់គ្រងមិនបាននោះទេ។ តាមរយៈសំណួរងាយៗមួយចំនួន គេអាចយល់បានអំពីបញ្ហាថា៖ តើហេតុអ្វីបានជាឈ្មួញអាចចូលទៅកាប់ឈើបាន? តើហេតុអ្វីបានជាឈើអាចចេញពីព្រៃរួច? និងតើហេតុអ្វីបានជាឈើអាចចរាចរណ៍បានយ៉ាងងាយបែបនេះ?
បើសូម្បីតែគ្រឿងញៀនដែលគេអាចលាក់រហូតដល់ក្នុងពោះក៏គង់តែសមត្ថកិច្ចចាប់បាន។ ចុះការកាប់និងដឹកជញ្ជូនឈើដែលគេត្រូវប្រើមធ្យោបាយយ៉ាងសន្ធឹកសន្ធាប់ហើយត្រូវដឹកតាមឡាននិងតាមផ្លូវថ្នល់សោះហេតុអ្វីមិនអាចចាប់បាន? បើនិយាយថា សមត្ថកិច្ចមិនអាចចូលដល់ព្រៃជ្រៅដើម្បីពិនិត្យមើលការកាប់ព្រៃឈើរបស់ឈ្មួញបានទេនោះ វារឹតតែជារឿងមិនអាចជឿបានទៅទៀត។ ដោយហេតុថា សូម្បីប្រជាសហគមន៍ក៏អាចចូលដល់ទីតាំងកាប់ឈើបានដែរ។ បើទោះជាមិនបាច់ចូលព្រៃក៏គេអាចទប់ស្កាត់ឈើដែលចរចាចរណ៍តាមដងផ្លូវបានយ៉ាងងាយដែរ។
ការកាប់ឈើមិនមែនជារឿងពិបាកនឹងដឹងនោះទេ។ សូម្បីតែប្រជាសហគមន៍ក៏អាចមើលឃើញសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងច្បាស់ដែរ ហើយពួកគេតែងតែនាំគ្នាចូលព្រៃដើម្បីបង្អាក់សកម្មភាពនេះទៀតផង។ ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្ដាយនោះគឺ អាជ្ញាធរបែរជាមិនសហការណ៍ និងជួនកាលថែមទាំងបានរារាំងសកម្មភាពរបស់អ្នកសារព័ត៌មាន និងប្រជាសហគមន៍ទៅវិញក៏មានដែរ។ នេះជាកញ្ចក់ឆ្លុះបញ្ចាំងបានអំពីអ្វីដែលនៅពីក្រោយវាំងនននៃជំនួញឈើខុសច្បាប់នៅស្រុកយើង។
មានមូលហេតុច្រើនយ៉ាងដែលនាំឲ្យជំនួញឈើក្លាយជាបញ្ហាមិនអាចគ្រប់គ្រងបាន។ មូលហេតុសំខាន់បំផុតគឺការឃុបឃិតគ្នាជាខ្សែបណ្តាញរវាងឈ្មួញរកស៊ីឈើជាមួយអាជ្ញាធរមានសមត្ថកិច្ចនេះឯង។ មូលហេតុសំខាន់មួយទៀតគឺ ឈ្មួញអ្នករកស៊ីឈើច្រើនតែជាអ្នកមានឥទ្ធិពលឬមានខ្នងបង្អែករឹងមាំ។ ក្នុងករណីនេះ សមត្ថកិច្ចដែនដីគ្មានជម្រើសអ្វីក្រៅពីធ្វើគធ្វើថ្លង់នោះឡើយពីព្រោះតែពួកគេខ្លាចអំណាចរបស់មន្ត្រីអ្នកមានបុណ្យស័ក្តិធំជាងខ្លួន តួយ៉ាងដូចជាករណីខាងលើនេះអញ្ចឹងបើកុំមានព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ប្រហែលជាស្ងាត់ដូចចោរលួចសេះទៅហើយក៏អាចថាបាន៕