ខ័ណ្ឌរដ្ឋបាលជលផល ចុះពិនិត្យព្រៃលិចទឹកដែលជនល្មើសបានកាប់ទន្រ្ទាន ៣កន្លែងរកឃើញមានទំហំជាង៣ហិចតានៅក្នុងឃុំកំពង់ព្រះគគីរ

ខេត្តកំពង់ឆ្នាំង៖ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ សហគមន៍នេសាទ និងក្រុមអ្នកយកព័ត៏មានយើង នៅព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០ នេះសមត្ថកិច្ចចំរុះរួមមានមន្ត្រីជលផល មន្រ្តីបរិស្ថាន នគរបាលប៉ុស្តិឬដ្ឋបាល សហគមន៍នេសាទ និងអាជ្ញាធរមូលដ្ឋាន សរុមរួមមានគ្នាជាង២០នាក់ មានប្រើប្រាស់ម៉ូតូចំនួន១២គ្រឿង ដឹកនាំដោយ លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះទៅពិនិត្យវាស់វែងដីព្រៃលិចទឹក ដែលជនល្មើសបានកាប់បំផ្លាញមាន៣ចំណុច នៅក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ ដោយរកឃើញការខូចខាតដីព្រៃលិចតំបន់៣ អស់ប្រមាណ ៣ហិកតា ។

លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក្រោយពីចុះត្រួតពិនិត្យវាស់វែងដីព្រៃលិចទឹកដែលរងការខូចខាតបានបញ្ជាក់អោយដឹងថា៖ ១នៅចំណុចព្រៃកោះល្ង សមត្ថកិច្ចបានវាស់វែងឃើញព្រៃលិចទឹករងការខូចខាតមានប្រមាណ១ហិកតា , ទី២ នៅចំណុចច្រកស្នោរ មានដីព្រៃលិចទឹកជាង៧០អារ នៅជាប់ក្បាលស្រែ ត្រូវបានជនល្មើសកាប់បំផ្លាញទន្ទ្រានយកដីជាកម្មសិទ្ធ , ចំណុចទី៣ ព្រៃស្រោងខ្ពស់ៗ នៅខាងត្បូងបង្គោលអភិរក្សនៅតំបន់ច្រកស្នោរ ព្រៃលិចដែលជាដើមឈើធំៗរាប់រយដើមនៅលើដីទំហំប្រមាណ១ហិកតា ត្រូវជនល្មើសកាប់ផ្តួលរំលំទន្រ្ទានយកដី។ សរុបទាំងចំណុចទាំង៣ខាងលើនេះ គឺមានដីព្រៃលិចទឹកប្រមាណេជិត៣ហិកតាបានរងការខូចខាត។

លោក លី ឡា បានបញ្ជាក់អោយដឹងទៀតថា៖ ជនល្មើសដែលបានកាប់ទន្រ្ទានដីព្រៃលិចទឹកនៅចំណុចទាំង៣ខាងលើនេះ គឺសមត្ថកិច្ចបានស្រាវជ្រាវដឹងអត្តសញ្ញាណខ្លះៗហើយ ករណីទាំង៣ខាងលើនេះសមត្ថកិច្ច និងកសាងសុំណុំរឿងតាមនិតិវិធីបញ្ជូនឈ្មោះជនល្មើស ទៅកាន់តុលាការខេត្តដើម្បីចំណា ត់ការតាមផ្លូវច្បាប់។

នៅក្នុងឱកាសនេះដែរ លោកនាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សូមសំណូមពរដល់សា្ថប័នតុលាការ ជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនល្មើសដែលពាក់ព័ន្ធក្នុងករណីខាងលើនេះអោយបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពផងចុះ ដើម្បីជាការព្រមានដល់ជនល្មើសដ៍ទៃទៀ តកុំអោយយកគំរូតាម និងក៏ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃលិចទឹកបានដោយប្រសិទ្ធភាពផងដែរ ។

ដោយឡែកលោកនាយខណ្ឌក៍សុំសំណូមផងដែរដល់ សហគមន៍នេសាទ និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដែលភាគច្រើនជាអ្នកប្រកបមុខរបរនេសាទ សូមជួយសហការណ៍រាយការអំពីសកម្មភាពជនល្មើសអោយបានទាន់ពេលវេលាដើម្បីអោយសមត្ថកិច្ចមានវិធានការចុះបង្ក្រាប់ចាប់ជនល្មើសនិងចាប់គ្រឿងចក្រអោយទាន់ភ្លាមៗទាន់សភាពការណ៍ ទើបជនល្មើសមិនអាចគេចខ្លួនបាន ។

ព្រោះថាបើគ្មានព្រៃលិចទឹក ក៏គ្មានត្រីសំរាប់នេសាទចិញ្ចឹមជិវិតនៅក្នុងគ្រួសារដែរ ដូច្នេះការថែរក្សាព្រៃលិចទឹកគឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីកូនចៅយើងគ្រប៉ៗគ្នា មិនមែនជាភាកិច្ចរបស់ផ្នែកជលផល តែមមួយស្ថាប័ន នោះឡើយ ៕ សូមបញ្ជាក់៖ មានក្លីបសំភាស ជាមួយលោក លីឡា ចុងក្រោយ ។
ដោយសុខគឹមសៀន