ភ្នំពេញ៖ព្រលានយន្តហោះនៅខេត្តសៀមរាប នៅថ្ងៃទី២៤ ខែមីនាឆ្នាំ ២០២០នេះ ត្រូវបានសេចក្តីរាយការណ៍ថា ពុំមានជើងហោះហើរនោះទេ ដូច្នេះបើទោះបីជាកម្ពុជាមិនបិទជើងហោះហើរ ប្រទេសដទៃគេបិទគឺវាដូចតែគ្នានោះទេ ហើយអ្វីដែលប្រទេសទាំងនោះធ្វើវាជាវិធានការដើម្បីជួយប្រជាជនរបស់ពួកគេ ដើម្បីចៀសផុតពី វិបត្តិជំងឺផ្លូវដង្ហើមកូវីដ-១៩ ។
បើទោះបីជាមានវិបត្តិជំងឺផ្លូវដង្ហើមកូវីដ-១៩ នៅលើសកលលោក ក៏សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថាកម្ពុជាមិនទាន់សម្រេចក្នុងការបិទជើងហោះហើររបស់កម្ពុជាជាផ្លូវការនោះទេ សម្តេចបានចាត់ទុកការបិទជើងហោះហើរ ពីបណ្តាប្រទេសមួយចំនួនលើពិភពលោក ក៏ដូចជាប្រទេសជិតខាងក្បែរកម្ពុជាយើងនេះសុទ្ធតែជាវិធានការជួយយើងពីការចម្លងមេរោគកូវីដ-១៩ បានធ្វើឱ្យប្រទេសខ្លះធ្វើការបិទជើងហោះហើរទាំងស្រុងតែម្តង ។
សម្ដេចបានបញ្ជាក់ថា ការបិទជើងហោះហើររបស់ប្រទេសទាំងនោះក៏ជាផ្នែកមួយជួយកម្ពុជាផងដែរចំពោះការរីករាលជំងឺកូវីដ-១៩នេះ។ សម្ដេចបានបន្ដថាសម្រាប់កម្ពុជា យើងមិនយកវិធានកាបិទជើងហោះហើរមុននោះទេ ពីព្រោះការធ្វើដំណើរតាមផ្លូវអាកាសនេះគឺវាមានទៅមានមក បានន័យថា ប្រជាជនយើងទៅគេ ប្រជាជនគេមកយើង។ សម្ដេចបានថ្លែងបញ្ជាក់ថា “ការបិទព្រលានយន្ដហោះយើងអត់មានទេ ហើយបិទព្រំដែន យើងបានជជែងជាមួយថៃនិងវៀតណាមដែរបានស្រុះគ្នា។ រីឯព្រលានយន្ដហោះនៅដដែលទេទាំង៣ ទាំងភ្នំពេញ កំពង់សោមនិងសៀមរាប។
ប៉ុន្ដែបើសិនណាគេបិទប្រទេសគេមិនឱ្យយន្ដហោះមកដូចតែយើងបិទ ដូចគ្នាទេ ហើយយើងបន្ដតាមដានថែមទៀត។” សម្ដេចបានបន្ថែមថា បើទោះបីជាកម្ពុជាមិនប្រកាសបិទជើងហោះហើរក៏ដោយចុះ ហើយជំងឺកូវីដ-១៩នេះ វាកាន់តែរីករាលដាលខ្លាំងនោះគឺកម្ពុជាមិនចាំបាច់ប្រកាសបិទនោះទេ បណ្តាប្រទេសដែលមានជើងហោះហើរមកកម្ពុជាគឺគេនឹងបិទតែម្តង ហើយកម្ពុជាក៏ត្រូវបិទដោយស្វ័យប្រវត្តិផងដែរ។ការថ្លែងរបស់សម្តេចសខេងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០៕ ប្រភពព័ត៌មានសង្គម