ព្រះវិហារ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងព្រះអង្គចតុមុខ ដែលមានទីតាំងស្ថិតនៅ ភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា។ ជាពិសេសសូមឲ្យប្រទេសជាតិរួចផុតពី ជម្ងឺដង្កាត់គ្រោះកាចចង្រៃ ជៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរសប្បាយជានិច្ចនិរន្ត។
លោកជំទាវ ក៏បានជាមួយសំណេះសំណាល កងកម្លាំងប្រចាំការនៅតំបន់នោះ ក៏ដូចជាឆ្មាំប្រាសាទ និងប្រជាពលរដ្ឋ ឲ្យចេះថែរក្សាសុខភាព ស្របពេលដែលពិភពលោក កំពុងតែរីករាលដាលនូវជម្ងឺកូវីដ១៩ និងរួមគ្នាថែរក្សាប្រាសាទ ដែលជាមរតករបស់ដូនតាយើង ឲ្យបានគង់វង្ស ។
សូមរំលឹកផងដែរថា ៖ គម្រោងការជួសជុល ព្រះអង្គចតុមុខនេះ បានបើកការដ្ឋាន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ក្រោមការឧបត្ថម្ភពី សំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយមានការឧបត្ថម្ភ និង គាំទ្រយ៉ាងពេញទំហឹង ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមានការជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនពីសប្បុរសជនផងដែរ៕