VIDEO ​ប្រទេស​ជុំវិញ​ពិភពលោក​ចោទប្រកាន់​ក្រុម​បះបោរ​អ៊ុយ​ក្រែ​ន​បំបាត់ភស្តុតាង​ពី​ការបាញ់​ទម្លាក់​យន្តហោះ​

0

​អ៊ុយក្រែនៈ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​ម៉ាឡេស៊ី បាន​ចោទ​ក្រុម​ផ្តាច់​ទឹកដី​និយម​នៅ​អ៊ុយ​ក្រែ​ន ថា​ក្បត់​ជនរងគ្រោះ ដោយសារតែ​ក្រុម​ផ្តាច់​ទឹកដី​និយម​បាន​បំបាត់ភស្តុតាង​សំខាន់ៗ នៅ​ទីកន្លែង​កើតហេតុ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​។ សម្រាប់​ម៉ាឡេស៊ី នេះ​ជាការ​ក្បត់​ដល់​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​គ្រោះថ្នាក់​។

ប្រធានាធិបតី​បារាំង​ទាមទារ​អោយ​ការស៊ើបអង្កេត​ផ្តល់​លទ្ធផល​ច្បាស់លាស់ មិនមែន​ត្រឹមតែ​ជាការ​សន្និដ្ឋាន​នោះទេ​។ ​នៅ​ថ្ងៃ​សៅរ៍​នេះ រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ម៉ាឡេស៊ី លោក Liow Tiong Lai បាន​ចោទ​ក្រុម​ផ្តាច់​ទឹកដី​និយម​អ៊ុយ​ក្រែ​ន​ថា ថា​បាន​បំបាត់ភស្តុតាង សំខាន់ៗ សម្រាប់​ការស៊ើបអង្កេត​លើ​ហេតុការណ៍​គ្រោះថ្នាក់​យន្តហោះ​បូ​អ៊ីង ម៉ាឡេស៊ី ដែល​បាន​ធ្លាក់​ឆេះ​ក្នុង​ដែនដី​ជម្លោះ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ម៉ាឡេស៊ី ចាត់ទុក​ការបំបាត់​ភស្តុតាង​ថា ជា​អំពើ​ក្បត់​ចំពោះ​ជនរងគ្រោះ​ទាំង​២៩៨​នាក់ ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ​។​ ​

រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ក៏បាន​ចោទប្រកាន់​ក្រុម​ផ្តាច់​ទឹកដី​និយម​ដូចគ្នា​ដែរ​ថា ព្យាយាម​បំបិទ​ភស្តុតាង ធ្វើអោយ​ពិបាក​ដល់​ការស៊ើបអង្កេត​។ គួររំលឹកថា ដែនដី​ដែល​កើតហេតុ​ការណ៍​ធ្លាក់​យន្តហោះ ស្ថិតនៅ​ជិត​ក្រុង​ឆាក់​តាស្ក ក្នុង​តំបន់​ដូ​ណេ​ត ស្ថិតក្រោម​ការកាន់កាប់​របស់​ក្រុម​ផ្តាច់​ទឹកដី​និយម​។ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​លើកឡើង​ទៀតថា ក្រុម​ផ្តាច់​ទឹកដី​និយម បាន​ដឹក​សាកសព​មនុស្ស​៣៨​នាក់ ទៅ​កន្លែង​ដាក់​សព​នៅ​ដូ​ណេ​ត​។ យោងតាម​អ៊ុយ​ក្រែ​ន នៅ​ទីនោះ​មាន​អ្នកជំនាញ​រុស្ស៊ី រង់ចាំ​ធ្វើ​កោសល្យវិច័យ​សាកសព​។

អាជ្ញាធរ​អ៊ុយ​ក្រែ​ន​ចោទ​ទៀតថា ក្រុម​បះបោរ​បាន​ព្យាយាម​រក​មធ្យោបាយ​ដឹកយក​បំណែក​សំណល់​យន្តហោះ យកទៅ​រុស្ស៊ី​។ ដោយឡែក មេក្រុម​ផ្តាច់​ទឹកដី​និយម​បាន​បញ្ជាក់ដែរថា បាន​ដឹក​សាកសព​មនុស្ស​២៧​នាក់ ទៅ​កន្លែង​ដាក់​សព​នៅ​ដូ​ណេ​ត​។ ​សម្រាប់​ការស៊ើបអង្កេត​លើ​គ្រោះថ្នាក់​យន្តហោះ​បូ​អ៊ីង​ម៉ាឡេស៊ី ប្រធានាធិបតី​រុស្ស៊ី​ពូ​ទីន និង​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ មែរ​គែល បាន​ព្រមព្រៀងគ្នា​អោយ​ការស៊ើបអង្កេត​ស្ថិតក្រោម​បន្ទុក​ខុសត្រូវ​របស់ អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរ​ជា​ជាតិ​។

អ្នកស៊ើប​អង្កេត​ត្រូវ​រក​អោយឃើញថា មី​ស៊ី​ល​ប្រភេទ​អ្វីដែល​បាញ់​យន្តហោះ​ម៉ាឡេស៊ី ដើម្បី​រកមុខ​ម្ចាស់​មី​ស៊ី​ល​និង​ជនដៃដល់​បង្ក​ការឆេះ​យន្តហោះ​។ នៅ​ថ្ងៃ​សៅរ៍​នេះ រុស្ស៊ី​បានទាមទារ​អោយ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បង្ហាញ​លំអិត​ពី​មី​ស៊ី​ល ប្រភេទ​ប៊ុ​ក​Bouk ដែល​កងទ័ព​អ៊ុយ​ក្រែ​ន ប្រើប្រាស់ នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។​ ​មី​ស៊ី​ល​ប្រភេទ​ប៊ុ​ក​នេះហើយ ដែល​អាមេរិក​លើកឡើងថា ប្រើ​ដោយ​ក្រុម​បះបោរ​អ៊ុយ​ក្រែ​ន ដើម្បី​វាយប្រហារ​យន្តហោះ​ម៉ាឡេស៊ី​នោះ​។ កាលពី​ថ្ងៃ​សុក្រ រុស្ស៊ី​បានលើកឡើង​ថា ប្រព័ន្ធ​មី​ស៊ី​ល​ប៊ុ​ក​របស់​កងទ័ព​អ៊ុយ​ក្រែ​ន មាន​សកម្មភាព​ដំណើរការ នៅ​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​យន្តហោះ​ម៉ាឡេស៊ី​ជួប​គ្រោះថ្នាក់​នោះ​៕