កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងចុះឃាត់គ្រឿងចក្រ៥គ្រឿងមនុស្ស៥នាក់ឈូសឆាយដីតំបន់៣

កំពង់ឆ្នាំង ៖ លោកវរះសេនីយ៍ទោ ហង្ស សុជាតិ ដឹកនាំកម្លាំងមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ទទួលផែនយុត្តិធម៌ ដឹកនាំកម្លាំងសរុប១០នាក់ ក្នុងនោះមាន កម្លាងរាជអាវុធហត្ថស្រុក ផងដែរ ដោយសម្របសម្រួល ដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានចុះបង្រ្កាបគ្រឿងចក្រ ឈូសឆាយដីព្រៃដោយខុសច្បាប់ នៅតំបន់៣ ចំនុចថ្លុកកម្ពាញ ស្ថិតក្នុងភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

កិច្ចសហប្រតិបត្តិការ បង្រ្កាបគ្រឿងចក្រឈូសឆាយដីព្រៃខុសច្បាប់ ត្រូវបានធ្វើឡើង កាលពីវេលាម៉ោង០៣:៣០ នាទី នៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២០ ឃាត់គ្រឿចក្រ ប្រភេទត្រាកទ័របានចំនួនប្រាំគ្រឿង និងឃាត់មនុស្ស៥នាក់ ជាអ្នកបើកបរ ក្រោមការបញ្ជាដោយ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង

លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះទី១.ឈ្មោះ អៃ អេន ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដា ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ២.ឈ្មោះ ឈួន ធិន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិតាឡាត ស្រុកភ្នំស្រួុច ខេត្តកំពង់ស្ពឺ៣.ឈ្មោះ ញ៉ែម ចាន់ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិដំណាក់កន្សែង ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ៤.ឈ្មោះ ម៉ន សឺ ភេទប្រុស អាយុ១៨ឆ្នាំ ៥.ឈ្មោះ ណាំ សៅ ភេទប្រុស អាយុ២៤ឆ្នាំ អ្មកទាំងពីរ រស់នៅភូមិតាំងរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ បានសម្តែងសាទរ ចំពោះលោកព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ដោយចាប់តាំងពី មកកាន់តំណែងនៅខេត្តកំពង់ឆ្នាំង បទល្មើសការឈូសឆាយដី ក្នុងដែនបឹងទន្លេសាប នៅតំបន់ហាមឃាត់ ត្រូវបានថយចុះគួរឲ្យកត់សម្គាល់ និងបន្តការគាំទ្រចំណាត់ការដាច់ខាត ចំពោះការអនុវត្តច្បាប់ លើការរុករាន្ទដីរបស់រដ្ឋ ដោយខុសច្បាប់។