បន្ទាយមានជ័យ៖ ថ្នាំញៀននៅតែជាទំនិញដ៏ពេញនិយមសម្រាប់ការជួញដូររបស់ក្រុមពួកសង្គមងងិត ហើយទំនិញប្រភេទនេះបានកំពុងតែធើ្វចរាចរណ៏យ៉ាងពេញបន្ទុកនៅក្នុងតំបន់ភូមិភាគពាយ័ព្យជាក់ស្តែងក្នុងរយៈពេល១ខែចុងក្រោយនេះ ថ្នាំញៀនដែលសមត្ថកិច្ចយើងបង្ក្រាបបានមិនតិចជាង៥សែនគ្រាប់ទេនៅក្នុងទឹកដីរបស់ខេត្តបន្ទាយមានជ័យ ជាពិសេស់នៅតំបន់ក្រុងប៉ោយប៉ែតតែម្តង ។
បើទោះជាមានការបង្ក្រាបដ៏ខ្លាំងក្លាពីសំណាក់ក្រុមសមត្ថកិច្ចក៏ដោយចុះក៏សន្ទុះនៃជនសង្គមងងិតនៅតែបន្តធើ្វសកម្មភាពរត់ពន្ធថ្នាំញៀនឆ្លងដែនយ៉ាងពេញទំហឹងដដែល ។ជាក់ស្តែងកាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៤កន្លងទៅនេះសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានបើកយុទ្ធនាការដេញបង្ក្រាបលើមុខសញ្ញាថ្នាំញៀនមួយករណីផ្អើលពេញទីក្រុងប៉ោយប៉ែត ។
ប៉ុន្តែការបង្ក្រាបនោះមិនបានសម្រេចឡើយ ព្រោះជនសង្ស័យបាននាំយកញៀននិងវត្ថុតាងមួយចំនួនរត់គេចខ្លួនបន្សល់ទុកតែរថយន្តម៉ាកកាម៉ារីសេរី៩៣ពណ៏ស្លែចាស់១គ្រឿងពាក់ស្លាកលេខកំពង់ធំ 2A-0421 និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ស វឹង ភេទប្រុសមានអាយុ៤៣ឆ្នាំលំនៅភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ ពាក់ពន្ធ័ករណីដេញបង្ក្រាបថ្នាំញៀនខាងលើ លោក អនុសេនីយ៏ឯកតែម បូឡាមេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងនៅព្រឹកថ្ងៃទី២០កក្កដាឆ្នាំ២០១៤នេះថា៖កាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៤បន្ទាប់ពីទទួលបានព័ត៌មានច្បាស់ការរឿងរត់ពន្ធថ្នាំញៀនភ្លាមនោះលោក បានដាក់កម្លាំងតាមចំណុចគោលដៅដើម្បីបង្ក្រាប ប៉ុន្តែជនសង្ស័យបានដឹងខ្លួនមុនហើយបើកឡានរត់គេចខ្លួនពីសមត្ថកិច្ច តែម្តង តែយើងបានដេញតាមពីក្រោយប្រគៀកប្រកិតគ្នាដោយស្ថានភាពផ្លូវលំបាកជនសង្ស័យបានបើករថយន្តយកទុកចោលនៅចំណុចភូមិទូលប្រាសាទ ។
ចំណែកជនសង្ស័យម្នាក់ទៀតត្រូវកម្លាំងយើងឃាត់ខ្លួនបាន មេបញ្ជាការរងរូបនោះបានបន្តថា យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះស វឹង បានឲ្យដឹងថាថ្នាំញៀនត្រូវបានជនសង្ស័យម្នាក់ទៀតនាំយកទៅជាមួយអស់ហើយថយន្តត្រូវបានទុកចោលដើម្បីបង្វៀងដានសមត្ថកិច្ច ។ ពាក់ពន្ធ័ករណីថ្នាំញៀននេះដែរមានប្រភពមួយបានបង្ហើបថា៖ម្ចាស់រថយន្តខាងលើជាកម្មសិទ្ធកររបស់នាយប៉ុស្តិ៍ព្រៃចន្ទ័នៃនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៩១១ឈ្មោះខេងសុផលក្រោមការគ្រប់គ្រងរបស់លោកវរសេនីយ៏ទោសូចាន់ណារីទៀតផង ។
ចំណែក លោក ឧត្តមសេនីយ៏ត្រី សំជិតស្នងការរងទទួលបន្ទុកកិច្ចការព្រំដែននៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានប្រាប់តាមទូរសព្ទ័ថា បញ្ហាខាងលើនេះលោកហាក់មិនទាន់បានដឹងព័ត៌មានអំពីរឿងហ្និងនៅឡើយទេ ព្រោះលោកកំពុងតែសំរាកព្យាបាលជម្ងឺភ្នែកនៅឯភ្នំពេញលោកថា លោកនឹងស្រាវជ្រាវដើម្បីបានដឹង ។ ចំណែកនាយប៉ុស្តិ៍ព្រៃចន្ទ័អង្គភាពនគរបាល៩១១ដែលរងការចោទថាបានផ្តល់រថយន្តឲ្យជនសង្ស័យដើម្បីដឹកជញ្ជូនថ្នាំញៀនរត់ពន្ធនោះនៅព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៤នេះសារព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺបានទេ ។
ដោយឡែកលោកមេបញ្ជាការឈ្មោះសូចាន់ណារី លោកហាក់ស្ទាក់ស្ទើលើបញ្ហាខាងលើ ជាមួយគ្នានេះដែរលោកបានបង្ហើបតាមសារអេឡិចត្រូនិករបស់លោកថា៖លោកមិនទាន់ប្រាកដក្នុងចិត្តនៅឡើយទេថាមានរឿងអ្វីកើតឡើងចំពោះអង្គភាពរបស់លោកនោះ ។ បើទោះជាមានសភាពស្មុគស្មាញបន្តិចលើករណីបង្ក្រាបបទល្មើសក៏ដោយនៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៤នេះ ថយន្តនិងជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីស្រាវជ្រាវរកមុខជនសង្ស័យនិងចាត់ការបន្តទៅតាមនីតិវិធីនៃច្បាប់ ។