អ៊ីតាលី៖ តាមការចេញផ្សាយសារព័ត៌មាន BBC នាថ្ងៃទី ២៨ ខែមិនា ឆ្នាំ ២០២០ ប្រទេសអ៊ីតាលីបានជាប់កំណត់ត្រា ការស្លាប់ថ្មីនៃជំងឺឆ្លងវីរុស Covid-19 ឈានដល់ ៩១៩ នាក់ ដែលជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃ នៃការផ្ទុះឡើង ក្នុងប្រទេស ធ្វើអោយចំនួនអ្នកស្លាប់សរុបកើនឡើងរហូតដល់ ៩.១៣៤ នាក់ ។
ភ្លាមៗនោះ លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា បញ្ហាកើនឡើងនៃចំនួនអ្នកឆ្លង និងស្លាប់ ដោយសារពិភពលោកកំពុងប្រឈមនិងការខ្វះខាតសម្ភារៈវិជ្ជសាស្រ្តជាផ្នែកមួយនៃការគំរាមកំហែងបន្ទាន់បំផុត ព្រមទាំងអ្នកជំនាញពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស។
ប្រទេសអ៊ីតាលីគឺជាប្រទេសដែលរងឥទ្ធិពលអាក្រក់បំផុតនៅអឺរ៉ុប និងបានជំរុញអោយរដ្ឋាភិបាលដាក់បទបញ្ជាយ៉ាងតឹងរឹងប្រជាដល់ពលរដ្ឋទាំងអស់ទូទាំងប្រទេសដាក់បង្ខាំងនៅក្នុងផ្ទះ ដែលកាលពីព្រឹកថ្ងៃសុក្រអាជ្ញាធរបានព្រមានថាការរឹតបន្តឹងទំនងជាត្រូវបានពន្យារពេលលើសពីថ្ងៃទី ៣ ខែមេសា។
សូមបញ្ជាក់ថា តំបន់ភាគខាងជើង Lombardy ប្រទេសអ៊ីតាលី ដែលរងគ្រោះខ្លាំងបំផុតនៅក្នុងប្រទេស និងមានការកើនឡើងយ៉ាងខ្លាំងនៃការស្លាប់ដោយសារ Covid-19 បន្ទាប់ពីការធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះមានករណីឆ្លងថ្មីចំនួន ៥.៩៥៩ ករណីនៅទូទាំងប្រទេសដែលជាការកើនឡើងទាបជាងតួលេខកាលពីថ្ងៃព្រហស្បតិ៍ ធ្វើអោយមានករណីឆ្លងសរុបជិត ៨៦.៥០០ ករណីនៅក្នុងប្រទេស៕