មណ្ឌលគិរី៖ ដើម្បីចូលរួមចំណែកក្នុងការឆ្លើយតប និងវិធានការការពារនានា សំរាប់កាត់បន្ថយការរីករាលដាលនៃជំងឺកូវីត១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយលោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី រួមទាំងអនុសាខាស្រុក និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានចុះធ្វើសកម្មភាពផ្សព្វផ្សាយនូវវិធានការការពារជំងឺឆ្លងកូវីត១៩ ជូនដល់ប្រជាពលរដ្ឋ នៅស្រុកអូររាំង និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងយុទ្ធនាការចុះផ្សព្វផ្សាយនេះ បានធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២០។
លោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទូទៅ ដោយមដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
លោកស្រី វិន ស៊ីធួន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ដោយប្រកាន់ខ្ជាប់នូវអនាម័យល្អ ហូបស្អាត ផឹកស្អាត ននិងរស់នៅស្អាត ដើម្បីវាងពីជំងឺនានា ជាពិសេសជំងឺឆ្លងកូវីត១៩ ដែលកំពុងរីករាលដាលនៅក្នុងតំបន់ និងពិភពលោក។
ទទឹមនឹងនេះ លោកស្រី ក៏បានណែនាំដោយអនុវត្តតាមវិធីដូចជា ១.លាងដៃនិងសាប៊ូទឹកស្អាត ឬទឹកអាល់កុល អាល់កុលហ្សែល អោយបានញឹកញាប់ ២.នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់ មកលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកស្អាត។ ៣.ជៀសវាងប៉ះពាល់ ភ្នែក ច្រមុះ ឬមាត់ ៤.កាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ
៥.ជៀសវាងប៉ះពាល់ ជិតស្និទ្ធ ជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ ៦.សម្អាត និងសម្លាប់មេរោគលើវត្ថុនិងលើផ្ទៃឲ្យបានញឹកញាប់។
ក្នុងយុទ្ធនាការរយៈពេល២ថ្ងៃនោះដែរ ក្រុមការងារ បានចុះបិទសារអប់រំ ស្តីពីវិធានការការចម្លងពីជំងឺកូវីត១៩ ដោយចាក់សម្លេងបំពង និងអានសារជាសម្លេងអប់រំផ្ទាល់ នៅតាមលំនៅដ្ឋាន ដើម្បីអោយបងប្អូនប្រជាពលរដ្ឋចេះធ្វើអនាម័យខ្លួនប្រាណឱ្យបានស្អាត និងបានផ្តល់សាប៊ូដុំ និងអាវយឺត ដល់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩៕




































