ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម​ ទទួល​ឧបករណ៍​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ កូវីដ១៩ ពី​ក្រុមហ៊ុន​ ខាងស៊ាងលី

0

កំពង់ចាម​: ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ និង​ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធាន​ក្រុម​ក្រុមប្រឹក្សា​ខេត្ត​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម​ លោកជំទាវ​​ អភិបាល​រង​ខេត្ត​ លោក​ លោកស្រី​ ​ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ នាព្រឹក​ថ្ងៃ​ទី​៣០​ ខែមិនា​ ឆ្នាំ​២០២០នេះ​ បាន​អញ្ជើញ​ទទួល​ឧបករណ៍​សម្រាប់​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ កូវីដ១៩​ ចំនួន​៣០ធុង​​ ដែល​​ក្រុមហ៊ុនខាងស៊ាងលី បានផ្តល់ជូន​រដ្ឋបាល​ខេត្ត​កំពង់ចាម​ តាម​រយៈ​ឯកឧត្តម​ ហេង​ វណ្ណនី​ អភិបាល​រង​ខេត្ត​ ដេីម្បី​រួម​គ្នា​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​ នៃមេរោគកូរ៉ូណា កូវីដ១៩ នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​ ក៏ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​មូល​ផង​ដែរ​។

ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ធ្វើ​ការ​កោតសរសើរ​ និង​ថ្លែង​អំណរគុណ​ចំពោះ​កាយវិការ​សប្បុរសធម៌​ ដ៏​ប្រពៃ​ របស់​ក្រុមហ៊ុន​ ខាង​ស៊ាង​លី​ ដែល​បាន​ចូលរួម​ចំណែក​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការ​រីករាលដាល​ នៃ​វីរុស​កូរ៉ូណា​ (កូវីដ-១៩)​ ដោយ​បាន​ជួយ​ឧបត្ថម្ភ​ ក្នុង​ការ​ផ្ដល់​ជាសម្ភារៈ​ ធុង​សម្រាប់​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ដ៏​កាច​សាហាវ​នេះ​ ស្រប​តាម​តម្រូវ​ការ​នាពេល​បច្ចុប្បន្ន​នេះ​។

ជាមួយគ្នានោះ​ ឯកឧត្តម​អភិបាលខេត្ត​ បានថ្លែងផងដែរថា ឧបករណ៍នេះ​ពិត​ជា​មានសារៈសំខាន់ខ្ឲលាំងណាស់​ ក្នុងការបាញ់សម្លាប់វីរុសកូរ៉ូណា​(កូវីដ-១៩) និងមេរោគផ្សេងៗទៀត ដូច្នេះ​យើងត្រូវរក្សាទុកសម្រាប់ប្រើប្រាស់ឲ្យចំគោលដៅ​ ដេីម្បី​ជា​ការរួមចំណែក​ បេីក​យុទ្ធនាការ​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​វីរុស​កូរ៉ូណា​ នៅតាមស្ថាប័នសាធារណៈ និងឯកជន ក្នុងភូមិសាស្រ្ត​ខេត្តកំពង់ចាម ផងដែរ។

គួរ​បញ្ជាក់​ផង​ដែរថា​ ក្នុង​ឱកាស​នោះ​ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រគល់ធុងបាញ់ថ្នាំទាំងនោះ​បន្តទៅឲ្យអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត​ កងរាជអាវុធហត្ថខេត្ត​ ស្នងការរដ្ឋាននគរបាល​ខេត្ត​ ពន្ធធនាគារខេត្ត​ មន្ទីរ​សុខាភិបាលខេត្ត​ និង​សម្រាប់​រដ្ឋបាលខេត្តកំពង់ចាមផងដែរ​ ៕