យ៉ាងហោចណាស់មនុស្សប្រុស-ស្រីចំនួន៥នាក់ រងរបួសធ្ងន់ និងស្រាល ក្នុងករណីហិង្សាដោយចេនាមានស្ថានទម្ងន់ ចាក់មនុស្សឲ្យរបួស ដោយប្រើឧបករណ៍ដែកមុតស្រួចរាងអក្សរ(T) -នៅស្រុកប្រាសាទបល្ល័ង្គ

0

កំពង់ធំ៖ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ បង្ករឡើងដោយជនសង្ស័យម្នាក់ដោយប្រើឧបករណ៍ដែករាងអក្សរ ( T )មានមុតស្រួច ចាក់ទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់និងស្រាលចំនួន ៥នាក់ នៅភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ភួង ភា ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិខ្មែរ នៅភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

សភាពនៃរឿងៈ តាមការបំភ្លឺរបស់ឈ្មោះ សឿន ទីន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ត្រូវជាបងថ្លៃជនសង្ស័យ ហើយក៏ជនរងគ្រោះ បានបញ្ជាក់ថា៖ កាលពីថ្ងៃអាទិត្យ ៦កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៩ និង ៤០នាទី ក្រោយពីហូបបាយល្ងាចរួចគាត់ និងប្រពន្ធអង្គុយលេងនៅកាំជណ្តើរលើផ្ទះ ឯឈ្មោះ ភា ប្អូនថ្លៃនៅអង្គុយលេងលើគ្រែក្រោមផ្ទះ គាត់ក៏ស្រែកហៅថា៖ អាភួង មកហូបបាយ ឈ្មោះ ភួង ក៏តបវិញថា អត់ទាន់ហូបទេបង ហូបមុនទៅ មួយសន្ទុះគាត់ក៏ឃើញឈ្មោះ ភួង ឡើងមកលើផ្ទះ ហើយដើរហួសទៅផឹកទឹកនៅក្រោយ រួចក៏ត្រឡប់ មកវិញ ពេលនោះគាត់មិន បានតាមមើលទេ ឈ្មោះ ភួង ក៏សួរគាត់ថា អ្នកស្អែកទៅណាអត់ គាត់ក៏តបវិញថា អញអត់ទៅណាទេ និយាយមិនទាន់ចប់ផងស្រាប់តែឈ្មោះ ភួង បានវាយគាត់ពីក្រោយជា ច្រើនដៃ ពេលនោះប្រពន្ធ និងកូនគាត់នៅក្បែរនោះរត់មកជួយ ហើយស្រែកហៅបងប្អូនឲ្យមកជួយឃាត់ដែរ ហើយក៏ប្រតាយប្រតប់គ្នា ពេលនោះគាត់មិនដឹងត្រូវនិងអ្វីក៏ដួលលើរនាបផ្ទះ ហើយបងប្អូនខ្លះមុតដៃ ខ្លះមុតទ្រូង នឹកស្មានតែមុតដែកគោលពេលនាំគ្នាចាប់ឈ្មោះ ភួង បានក៏ឃើញដៃមានកាន់ដែកចុងស្រួចជាប់ ទើបដឹងថាទាំងអស់គ្នាមុតនិងដែកនោះ បន្ទាប់មកបងប្អូនក៏នាំគ្នាទៅព្យាបាលរបួស ចំណែករូបគាត់របួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីពេទ្យស្រុកស្ទោង ។

ក្រោយពីទទួលបានដំណឹងភា្លមកម្លាំងនគរបាលប៉ុស្ដិ៍ឃុំដូង ចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង និងកសាងសំណុំរឿងតាមនីតិវិធី ។ មូលហេតុ: ជនសង្ស័យស្រវឹងស្រា មានសតិមិនគ្រប់គ្រាន់។#សូមបញ្ជាក់: ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារម្ដងរួច ហើយ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ៕

អត្ថបទ៖ អ៊ួង សុផាត