កំពង់ធំ៖ មេរោគកូវីដ១៩ កំពុងតែឆ្លងរីករាលដាល យ៉ាងសាហាវនៅលើពិភពលោក ធ្វើឲ្យមានការយកចិត្ត ទុកដាក់ និងព្រួយបារម្ភណ៍ ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជម្រុញឲ្យមានការផ្សព្វផ្សាយ ពីវិធីការពារខ្លួន និងការថែរក្សា អានាម័យ ដើម្បីឲ្យចៀសផុតពីការឆ្លងជម្ងឺកូវីដ១៩។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានធ្វើការងារយ៉ាងសកម្ម ក្នុងការបន្តចុះផ្សព្វផ្សាយអប់រំ ពីវិធីប្រឆាំងទប់ស្កាត់ការពារ ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ដល់គ្រួសារកងទ័ព គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ពីវិធីណែនាំរបស់ក្រសួងសុខាភិបាល ជូនដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា នៅបណ្ដាប្រទេសមួយចំនួន ដែលកំពុងរងគ្រោះ ដោយសារតែ ការរីកចម្រើននិងអភិវឌ្ឍន៍ របស់មេរោគកូវិដ១៩ បណ្ដាលឲ្យមានមនុស្សជាច្រើន ដោយ ឡែកនៅថ្ងៃនេះ ប្រទេសកម្ពុជាក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ ១០៩នាក់ ក្នុងនោះក៏មានអ្នកជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ ចំនួន២៣នាក់ផងដែរ ចំនែក៨៦នាក់ទៀតកំពុងតែយកចិត្ត ទុកដាក់ពីក្រុមគ្រូពេទ្យ ដើម្បីព្យាបាល និងសូមបញ្ជាក់ផងដែរថា នៅក្នុងប្រទេសកម្ពុជា មិនទាន់មានអ្នក ស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ ចំណែកខេត្តកំពង់ធំ រហូតមកដល់ពេលនេះ ពុំទាន់មានរបាយការណ៍ ណាមួយបញ្ជាក់ថា មានអ្នកឆ្លងជំងឺកូវិដ១៩នៅឡើយទេ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ បានសង្កត់ធ្ងន់ដល់កងកម្លាំងទាំងអស់ត្រូវខិតខំថែរក្សាសុខភាពនិងអនាម័យជាប្រចាំ ដើម្បីឲ្យខ្លួនយើងគ្រួសារយើង អង្គភាពយើង និងសង្គមជាតិយើង លោកវរសេនីយ៍ត្រី លី ស៊ីណា នាយផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំពីវិធានការ៦ចំណុចក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩របស់ក្រសួងសុខាភិបាល និងសំណូមពរឲ្យបងប្អូនទាំងអស់គោរពនិងអនុវត្តឲ្យបានម៉ឺងម៉ាត់ រួមគ្នាប្រឆាំងការពារនិងទប់ស្កាត់មេរោគកូវីដ១៩ឲ្យបានជាដាច់ខាត តាមណែនាំ របស់ឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ដោយ ប៊ុន រដ្ឋា