កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបន្តសកម្មភាព ដឹកនាំសហការី ចុះសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជនពលី ២គ្រួសារ ស្ថិតនៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២០ ។
ប្រជាពលរដ្ឋ២គ្រួសារ ដែលសុទ្ធសឹងតែជា ក្រុមគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាតត្រូវបានសាងសង់ផ្ទះជូន ដោយសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានសាងសង់ផ្ទះជូនលោក ស្រី ឌៀប ស្រ៊ីន អាយុ៥៥ឆ្នំា ជាភរិយា លោក ផាន់ សុធី អតីតយុទ្ធជនពលី ធ្លាប់ជាយោធាខេត្តកំពង់ធំ សម័យរដ្ឋកម្ពុជា បច្ចុប្បន្នមានកូនចំនួន២នាក់ នៅក្នុងបន្ទុក និងទី២ លោកស្រី គង់វ៉ុន អាយុ៦១ឆ្នំា ជាគ្រួសារអតីយុទ្ឋជនពលីឈ្មោះ ពុំ ឆនអតីតនៅ អង្គភាព ស៊ើបការយោធាខេត្តកំពង់ធំ ។
ក្នុងឳកាសចុះពិនិត្យការសាងសង់ផ្ទះ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ជួយឧបត្ថម្ភ ក្នុងមួយគ្រួសារនូវអង្ករចំនួន២៥ គ.ក មីមួយកេស ត្រីខកំប៉ុង មួយ យួរ និងក្រម៉ាមួយផងដែរ ។
ដោយឡែកនៅថ្ងៃដដែលឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តដឹកនាំសហការី នៃក្រុមការរបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ រួមសហការជាមួយអាជ្ញាធរ ធ្វើការផ្សព្វផ្សាយ ស្តីពីវិធានការ ការពារទប់ស្កាត់ ប្រឆាំងមេរោគកូវីដ១៩ នៅតាមខ្នងផ្ទះ ស្ថិតនៅភូមិបេង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងបានជួយឧបត្ថម្ភប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ចំនួនបីគ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គ.ក មីមួយកេស ត្រីខកំប៉ុងមួយយួរ ក្រម៉ាមួយ ដោយ ឡែកក្នុងចំណោមទាំងបី គ្រួសារ នេះមួយគ្រួសារ មានជីវភាពលំបាកខ្វះខាតជាងគេ ថែមទាំងមានកូន នឹង ក្មួយតូចៗនៅក្នុងបន្ទុកចំនួន១២ នាក់ ត្រូវបានបានអង្ករចំនួន៥០ គ.ក មីមួយកេស ត្រីខកំប៉ុងមួយយួរ ក្រម៉ា មួយ និងថវិកាមួយចំនួនផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរ ដល់បងប្អូនក្រុមគ្រួសារ អតីតយុទ្ធជន និងប្រជាពលរដ្ឋ មេត្តាចូលរួម ការពារទប់ស្កាត់ ការរីករាលដាល នូវមេរោគកូវិដ១៩ ទាំងអស់គ្នាតាមការណែនាំរបស់ ក្រសួងសុខាភិបាល ក៏ដូចជា ការព្រួយបារម្ភណ៍ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងសូមឲ្យថែរក្សាអនាម័យ លាងដៃនិងអាកុល ឬសាប៊ូ ពាក់ម៉ាសការពារ និងកាត់បន្ថយការជួបជុំក្នុងពិធីផ្សេងៗ ដើម្បីបញ្ជ្រៀសភូមិឃុំយើងគ្មានការរីករាលដាល់ និងគ្មានអ្នកឆ្លងជំងឺកូវិដ១៩។
ដោយ ប៊ុន រដ្ឋា