ភ្នំពេញ៖ ឈ្មោះ អោម ម៉ានីន ភេទប្រុស អាយុ ១៨ឆ្នាំ ជនសង្ស័យជាចោរឆក់ ដែលបានធ្វើសកម្មភាពជាមួយនិងបក្ខពួកឈ្មោះ ពេជ្រ(រត់គេចខ្លួន) ឆក់កាបូបពីស្រី្តជនរងគ្រោះ ដែលធ្វើដំណើរលើដងផ្លូវ នៅចំណុច មុខយាន្តដ្ឋានជួសជុលរថយន្តយីហោ VM ផ្លូវជាតិលេខ៦A ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាន កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង១២:៣០នាទី ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីធ្វើការសួរចម្លើយរួច។
ជនសង្ស័យ ខាងលើបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រូបគេ រួមនិងបក្ខពួក គឺបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះពិតប្រាកដមែន។ រូបគេជិះម៉ូតូ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ស្លាកលេខ 1GX-1904 ដើម្បីធ្វើសកម្មភាពឆក់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ លុះជិះដល់ចំណុចខាងលើ ក៏ឃើញស្រ្តីចំណាស់ កំពុងជិះម៉ូតូ និងមានកាបូបជាប់ខ្លួន ឃើញឳកាសល្អ រូបគេបានជិះទៅក្បែរហើយឆក់តែម្តង តែត្រូវបានជនរងគ្រោះស្រែកឆោរឡោចោរៗ និងមានប្រជាពលរដ្នឃើញដេញតាម ដឹងដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌជ្រោយចង្វារកំពុងល្បាតឃើញ បានស្ទាក់ឃាត់ខ្លួនតែម្តង។ ចំណែកបក្ខពួក ឈ្មោះ ពេជ្រ បានរត់គេចខ្លួនបាត់។ រូបគេប្រាប់បន្ថែមទៀតថា កន្លងមកធ្លាប់ប្រើប្រាស់គ្រឿងញៀនប្រភេទម៉ាទឹកកករយៈពេល ០១ឆ្នាំមកហើយ៕