នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ អង្គភាពសារព័ត៌មាន CSN Daily បានធ្វើការសម្ភាសន៍ទៅលោក ប៊ុន សត្យា នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការរាជធានីភ្នំពេញ ជុំវិញនឹងការបញ្ជូនខ្លួនជនសង្ស័យ ឈ្មោះ គង់ សុភាព អាយុ៤២ឆ្នាំ ពាក់ស័ក្តិ៤កន្លះ មានតួនាទីជានាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការរាជធានីភ្នំពេញ ត្រូវបញ្ជូនទៅតុលាការនៅពេលណា «លោក ប៊ុន សត្យា បានបញ្ជាក់ប្រាប់ថា ជុំវិញសំណុំរឿងនេះ នៅមិនទាន់បញ្ជូនទៅតុលាការ នៅឡើយទេ»។
សូមបញ្ជាក់ថា ជនដៃដល់មានឈ្មោះ គង់ សុភាព អាយុ៤២ឆ្នាំ ពាក់ស័ក្តិ៤កន្លះ (វរសេនីយ៍ទោ) មានតួនាទីជានាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេ បានធ្វើសកម្មភាពបាញ់ជិត ១០គ្រាប់ បណ្ដាលឲ្យស្រ្តីម្នាក់ដួលសន្លប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តែសំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង ១០យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវរថភ្លើងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនស៉ីវិលមួយក្រុម មានគ្នាជិត១០នាក់ ជិះរថយន្តពីរគ្រឿង មួយគ្រឿងម៉ាក Lexus RX 330 ពណ៌ស មួយគ្រឿងទៀតម៉ាក Camry ពណ៌សមិនចាំស្លាកលេខទាំងពីរ បានចុះពីរថយន្តដើរសំដៅមកទីតាំងកើតហេតុ ដែលមានប្រជាពលរដ្ឋកំពុងអង្គុយជុំគ្នា ភ្លាមៗនោះស្រាប់តែជនដៃដល់ខាងលើ បានបាញ់ជិត១០គ្រាប់បណ្ដាលឲ្យប្រជាពលរដ្ឋភិតភ័យ នាំគ្នារត់ជាន់ជើងគ្នាបណ្ដាលឲ្យស្រ្តីម្នាក់បានដួលសន្លប់ ភ្លាមៗជនដៃដល់បានដើរមកសួរជនរងគ្រោះថា (ងាប់នៅ) រួចក៏នាំគ្នាគេចខ្លួនឡើងជិះ រថយន្តគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង៕