អាវុធហត្ថស្រុកជាំក្សាន្តចុះឃាត់ខ្លួនជនសង្ស័យ៤នាក់ និងវត្ថុតាងថ្នាំញៀនមួយចំនួន

0

ព្រះវិហារ៖ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ចុះធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ព្រមជាមួយនឹងវត្ថុតាងថ្នាំញៀនមួយចំនួន នៅក្នុងពីរទីតាំងផ្សេងគ្នា ។ ហេតុការណ៍ចុះឃាត់ខ្លួន របស់កម្លាំងកងរាជអាវុធហត្ថស្រុក បានធ្វើឡើងក្នុងរយៈពេលពេញមួយថ្ងៃ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ដឹកនាំកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ បានឲ្យដឹងថា នៅក្នុងហេតុការណ៍ចុះបង្ក្រាបខាងលើ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន៤នាក់ នៅក្នុងពីទីតាំងផ្សេងគ្នា ដោយទីតាំងទី១ ត្រង់ចំនុចUTM(482455_1588119) ស្ថិតក្នុងភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឃាត់ខ្លួនបានជនសង្ស័យពីរនាក់៖ ទី១) ឈ្មោះ ស្វាយ ណុប ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រកដ ទី២)ឈ្មោះ ខៀវ ស្រឹម ភេទស្រី អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ។ អ្នកទាំងពីររស់នៅភូមិ ឃុំកើតហេតុខាងលើ ដោយចាប់យកវត្ថុតាងបានរួមមាន៖ ថ្នាំញៀនម៉ាទឹកកកចំនួន០១កញ្ចប់តូច=០,៧៨g, ទូរស័ព្ទដៃចំនួន០៣គ្រឿង, កាំភ្លើងខ្យល់ចំនួន០១ដើម, កាំភ្លើងកាបិនច្នៃចំនួន០១ដើម, លុយខ្មែរចំនួន១០ម៉ឺនរៀល, ម៉ូតូម៉ាកវេវពណ៍ខ្មៅគ្មានស្លាកលេខចំនួន០១គ្រឿង, សាច់ជួរចំនួន០១ដុំ, រំសេវ គ្រាប់កង់, សំណ និងសម្ភារះសម្រាប់ជក់មួយចំនួនទៀត។

និងទីតាំងទី២ នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រង់ចំនុចUTM(480830_1566484) កម្លាំងបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀត ដោយទី១) ឈ្មោះធឿន រតនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២) ឈ្មោះសុក កុសល់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីររស់នៅភូមិ ឃុំកើតហេតុខាងលើ ចាប់យកវត្ថុតាងបានរួមមាន៖ ថ្នាំញៀនម៉ាទឹកកកចំនួន០៨កញ្ចប់=២,៤០g, ទូរស័ព្ទដៃចំនួន០១គ្រឿង, លុយខ្មែរចំនួន១២ម៉ឺនរៀល, កាបូបដាក់លុយចំនួន០១, កាបូបស្ពាយចំនួន០១, ម៉ូតូយ៉ាវមាហាពណ៍ខៀវគ្មានស្លាកលេខចំនួន០១គ្រឿង ។

ជាមួយគ្នានោះលោកអនុសេនីយ៍ឯក ជុន បូរ៉ាមេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ ក៏បានបញ្ជាក់ឲ្យដឹងដែរថា បច្ចុប្បន្នជនសង្ស័យ ប្រុសស្រីទាំង៤នាក់ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុក កសាងសំណុំរឿង ដើម្បីធ្វើការបញ្ជួុនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការបន្តតាមនិតិវិធីច្បាប់ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ៕ សួនលីណា