កំពង់ធំ៖ គោយន្តកន្រ្តៃឆ្លងថ្នល់ បើកឆ្លងថ្នល់ដោយមិនបានប្រុងប្រយ័ត្ន បានបង្ការគ្រោះថ្នាក់ ត្រូវបានរថយន្តដឹកធ្យូង បុកក្រឡាប់ផ្ងាជើង កាលពីវេលាម៉ោង ០៦.៤៥នាទីព្រឹក ថ្ងៃទី១ខែមេសាឆ្នាំ២០២០ ត្រង់ចំណុចភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា គេឃើញគោយន្តកន្ត្រៃបើកបរឆ្លងកាត់ដងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ស្របពេលមានរថយន្តកូរ៉េដែលពាក់ស្លាកលេខ សៀមរាប 3A_0482 ផ្ទុកលើរថយន្តសុទ្ធតែធ្យូងពេញប្រៀបលើសកំណត់ បានបួងដៃចង្កូតជ្រុលទៅស៊ីខាងឆ្វេងដៃ ដោយផ្ទុកធ្យូងលើសលុបផង ជាន់ហ្វ្រាំងអូសកង់ជាង១០ម៉ែត្រ បណ្តាលក្រឡាប់ផ្ងារកង់ឡើងលើ តែមិនបណ្តាលស្លាប់មនុស្សនោះទេ ។
អ្នកបើកបររថយន្តដឹកធ្យូងបាននិយាយថា ពួកគេរួមដំណើរលើរថយន្តមានចំនួន៣នាក់ បើកបរចេញដំណើរពីកំពង់ធំឆ្ពោះទៅភ្នំពេញ ដើម្បីយកធ្យូងលក់ឲ្យម៉ូយ តែជាអកុសលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានគោយន្តកន្ត្រៃមួយគ្រឿងឆ្លងកាត់ខណៈរថយន្តពួកគេក៏មកដល់ប្រកិតគ្នាទៅហើយនោះ ដូច្នេះបង្ខំចិត្តបួងដៃចង្កូតឲ្យផុតដែរតែចៃដន្យអីគោយន្តកន្ត្រៃរុលក្បាលចូលមកចំពីមុខរថយន្តតែម្តង ដូច្នេះហើយទើបបណ្តាលក្រឡាប់រថយន្តរបស់ខ្លួន ប៉ុន្តែមិនបណ្តាលស្លាប់ឬរបួសនរណាម្នាក់ក្នុងរថយន្តនោះឡើយ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃរងរបួសស្រាលបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៏សន្ទុកផងដែរ។
ក្រោយពីគ្រោះថ្នាក់ គេឃើញនគរបាលចរាចរណ៍ស្រុកបារាយណ៍បានមកវាស់វែងទីតាំងកើតហេតុផងដែរ ដោយយកវត្ថុតាងមានរថយន្តមួយគ្រឿង និង គោយន្តកន្ត្រៃដែលបង្ករមួយគ្រឿងដើម្បីរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំការដោះស្រាយតាមនីតិវិធីច្បាប់ ភាគីខាងខុសខាងណាត្រូវជានីតិវិធីច្បាប់ប៉ុណ្ណោះ ។
គួររំលឹកផងដែរថា រថយន្តដែលដឹកទំនិញ តាមបណ្តោយផ្លូវជាតិលេខ៦ ឆ្ពោះមកខេត្តកំពង់ធំ ឬក៏ឆ្លងកាត់ តែងតែបង្ករគ្រោះថ្នាក់ជាញឹកញាប់ ដោយសារតែដឹកសំពីងសំពោង ខ្លួនតូចតែទំនិញពេលលើសលុប ធ្វើឲ្យ មានគ្រោះថ្នាក់ស្លាប់ និងរបួសជាច្រើនករណីកន្លងមក តែមិនទាន់ឃើញច្បាប់កំណត់ឲ្យច្បាស់លាស់ ក្នុងការចាត់វិធានការជាមួយនិងរថយន្តទាំងនេះនោះឡើយ ។
ដោយ ប៊ុន រដ្ឋា




































