ប្រធានាធិបតីចិន លោកស៊ី ជីនពីងចាប់ផ្តើមថ្ងៃទីមួយ នៃទស្សនកិច្ចបីថ្ងៃរបស់លោកនៅអាហ្សង់ទីន ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគរបស់ចិន នៅអាហ្សង់ទីន។ ជារួម នៅក្នុងគម្រោងជាង២០ដែលចុះហត្ថលេខារវាងចិន និងអាហ្សង់ទីន ចិនគ្រោងនឹងបោះទុនប្រមាណ ៧៥០០លានដុល្លារ ដើម្បី វិនិយោគទៅលើផ្នែកថាមពល ហេដ្ឋារចនាសម្ព័ន្ធរបស់អាហ្សង់ទីន។ យោងតាម ប្រធានខុទ្ធការល័យប្រធានាធិបតី អាហ្សង់ទីន ធនាគារចិននឹងផ្តល់ប្រាក់កម្ចីប្រមាណ ៤៧០០លានដុល្លារ សម្រាប់សាងសង់ទំនប់វារីអគ្គិសនីពីរ នៅអាហ្សង់ទីន។ លើសពីនោះ ចិននឹងជួយអាហ្សង់ទីនដើម្បីសាងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរទីបួន ដើម្បីអាចឲ្យអាហ្សង់ទីនផលិតថាមពលអគ្គិសនី។
ចិននឹងវិនិយោគផងដែរទឹកប្រាក់ប្រមាណពីពាន់លានដុល្លារ ដើម្បីអភិវឌ្ឍផ្លូវដែក ដែលអាហ្សង់ទីនប្រើសម្រាប់ដឹកជញ្ជូនទំនិញ ជាពិសេសចំណីអាហារ។ គួរបញ្ជាក់ថា អាហ្សង់ទីនជាទីផ្សារដ៏ធំ សម្រាប់ក្រុមហ៊ុនចំណីអាហាររបស់ចិន ហើយចិនជាអតិថិជនទិញប្រេង និងធនធានរ៉ែរបស់អាហ្សង់ទីន។ ចិនជាដៃគូពាណិជ្ជកម្មធំទីបីរបស់ អាហ្សង់ទីន បន្ទាប់ពីក្រុមប្រទេសនៅអាមេរិកឡាទីន និងសហភាពអឺរ៉ុប។ អ្នកស្រាវជ្រាវម្នាក់ នៅសកលវិទ្យាល័យបូស្តុន ក្នុងប្រទេសអាមេរិកបានចាត់ទុកអាហ្សង់ទីនស្ថិតនៅក្នុងស្ថានភាពជា អ្នកសុំទាន។
បច្ចុប្បន្ននេះ អាហ្សង់ទីនកំពុងទ័លលុយ និងអាចប្រឈមនឹងវិបត្តិខ្វះថវិកាសម្រាប់បង់សងទៅអ្នកជំនួញ ដែលជាម្ចាស់បំណុល។ នៅចុងខែកក្កដា នេះគេនឹងអាចដឹងថា តើរដ្ឋាភិបាលអាហ្សង់ទីននឹងអាចមានប្រាក់ដើម្បីសងម្ចាស់បំណុល ដែរឬទេ? គ្មានប្រាក់សង នោះរដ្ឋាភិបាលអាហ្សង់ទីននឹងអាចបាត់បង់ទំនុកចិត្តពីអ្នកវិនិយោគ ដែលនឹងអាចឈប់ឲ្យអាហ្សង់ទីនខ្ចីលុយតទៅទៀត។ ជំនួយសន្ធឹកសន្ធាប់របស់ចិននៅពេលនេះ គឺដូចជាអំណោយធ្លាក់ពីលើមេឃសម្រាប់រដ្ឋាភិបាលអាហ្សង់ទីនដែលកំពុង ទ័លគំនិត និងកំពុងរងគំនាបពី តុលាការអាមេរិកាំង។
កាលពីដើមខែមិថុនា តុលាការកំពូលរបស់អាមេរិកបានដម្កល់សេចក្តីសម្រេចរបស់តុលាការក្រុង ញូវយ៉កដែលតម្រូវឲ្យរដ្ឋាភិបាលអាហ្សង់ទីនសងលុយ ១៣០០លានដុល្លារ ទៅម្ចាស់បំណុល អាមេរិកាំង ឈ្មោះ NML Capital និង Aurelius Capital Management។ ដោយអាងទៅលើជំនួយចិន រដ្ឋាភិបាលអាហ្សង់ទីនពេលនេះ អាចបែរខ្នងមិនខ្វល់នឹងតុលាការរបស់មហាអំណាចអាមេរិក៕