បុរសវ័យ២៩ឆ្នាំម្នាក់ ឆ្លងចរន្តអគ្គិសនីពីម៉ូទ័របូមទឹក នៅស្ថានីយ៍ទឹកស្អាតមួយកន្លែងក្នុងស្រុកស្ទោង បណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង

0

(កំពង់ធំ)៖ អាសូរ!បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងដោយសារ ឆ្លងចរន្តអគ្គិសនីពីម៉ូទ័របូមទឹក នៅស្ថានីយ៍ទឹកស្អាតមួយកន្លែងក្នុងស្រុកស្ទោង បង្ករអោយមានការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង ១៣ និង ៥៦នាទីរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ មានមនុស្សស្លាប់ ដោយសារឆ្លងចរន្តអគ្គិសនី នៅភូមិស្វាយអៀ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

សពជនរងគ្រោះឈ្មោះ នឹង​ ភិន​ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្វាយអៀ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមការបំភ្លឺពីឈ្មោះ កុសល ពិសី ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិ​សណ្តាន់ ឃុំចំណាក្រោម ស្រុកស្ទោងបានបញ្ជាក់ថា៖ នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ប្រហែល​ ០៨ និង ០០នាទីព្រឹក ខ្លួន និង ឈ្មោះ នឹង​ ភិន​ ដែលជាជនរងគ្រោះ បានទៅធ្វើការនៅស្ថានីយ៍ទឹកស្អាត នៅភូមិស្វាយអៀ ជាមួយគ្នា ប៉ុន្តែម៉ូទ័របូមទឹកចូលអំពូលយូវី ដើម្បីចេញទឹកស្អាតខូច បូមមិនកើតក៏ត្រឡប់មកផ្ទះរៀងៗខ្លួន។ លុះដល់ម៉ោងប្រហែល ១៣ និង ០៥នាទី ខ្លួនបានជិះម៉ូរ៉ឺម៉កចេញពីផ្ទះទៅហៅ ឈ្មោះ នឹង​ ភិន​ ដើម្បីធ្វើការបន្ត ប៉ុន្តែបានជួបម្តាយគាត់ប្រាប់ថា ឈ្មោះ ភិន បានទៅស្ថានីយ៍ទឹកមុនហើយ។
បន្ទាប់មកខ្លួនបានជិះម៉ូតូទៅស្ថានីយ៍ទឹក ពេលទៅដល់បានឃើញឈ្មោះ​ នឹង​ ភិន​ ដេកក្បែរម៉ូទ័របូមទឹក និងមានស្នាមតខ្សែរភ្លើងថ្មីៗហើយបារ៉ែតក៏ពុំបានបិទដែរ ខ្លួនបានអង្រួនហៅតែមិនឆ្លើយខ្លួនក៏បានរត់ទៅឪពុកម្តាយបង្កើតរបស់ឈ្មោះ ភិន មក មើល​និងបានដឹកយកទៅមន្ទីរពេទ្យបង្អែកស្ទោង តែគ្រូពេទ្យប្រាប់ថាស្លាប់បាត់ហើយ ក៏ដឹកត្រឡប់មកផ្ទះវិញ។

ទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញសមត្ថកិច្ចនគរបាលស្រុកស្ទោង សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​​ ភូមិ​ ឃុំចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យ ។ តាមការពិនិត្យ សព​ ឃើញថាមានស្លាកស្នាម ខ្លោចរបកស្បែកលើគល់ក្រចកមេដៃឆ្វេងមួយកន្លែង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទេ។
ទើបធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់បណ្តាលមកពីឆ្លងចរន្តអគ្គិសនីឆក់ស្លាប់។
ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយយើងបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះ អោយទៅឈ្មោះ ជា​ នឹង​ អាយុ ៥៥ឆ្នាំ ត្រូវជាឪពុកបង្កើតសពយកទៅធ្វើបុណ្យតាមប្រពៃណី៕