ភ្នំពេញ៖ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សេចក្តីណែនាំរបស់ លោកជំទាវ កិត្តិសង្កហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ .។
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានី ភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ បាននាំយកនូវស្បៀងអាហារនិងសម្ភារៈរក្សាអនាម័យ ជាច្រើនមុខ រួមមាន៖ អង្ករ១២តោន, ទឹកត្រីទឹកស៊ីអ៊ីវ ១២០យួរ,
ម៉ាស់វេជ្ជសាស្ត្រ៤ស្រទាប់ការពារបាក់តេរី ៤៨ប្រអប់ស្មើនឹង២៤០០ម៉ាស, ស្រោមដៃ ១២០០គូ, ក្រដាស់អនាម័យ ១២០ដុំ និងសាប៊ូលៀងដៃ ២៤កាដុងធំ ស្មើនឹង៤៨០លីត្រ ប្រគល់ជូនដល់ចៅសង្កាត់ទាំង១២ នៃខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងចំណែកស្មើៗគ្នា ដើម្បីយកទៅប្រើប្រាស់ក្នុងសង្កាត់និងទុកបម្រុងចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ នៅក្នុងមូលដ្ឋានសង្កាត់នីមួយៗ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា កំពុងរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលជំងឺឆ្លង កូវីដ១៩។
ក្នុងពិធីនេះក៏មានការចូលរួម ពី លោកប្រធានក្រុមប្រឹក្សា លោកស្រីអភិបាល នៃគណៈអភិបាលខណ្ឌ អភិបាលរងខណ្ឌ នាយក នាយករងរដ្ឋបាល មន្ត្រីរាជការសាលាខណ្ឌ ចៅសង្កាត់ទាំង១២ និងក្រុមការងារចុះជួយខណ្ឌសង្កាត់ជាច្រើនរូបផងដែរ។
ឆ្លៀតក្នុងឱកាសនាពេលនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ សូមយកចិត្តដាក់ឲ្យបានខ្ពស់ ក្នុងការអនុវត្តនិងផ្សព្វផ្សាយនូវគោលការណ៍អនាម័យ និងសុវត្ថិភាព របស់ក្រសួងសុខាភិបាល ឲ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវចុះទៅពន្យល់ប្រជាពលរដ្ឋតាមគ្រួសារនីមួយៗ ឲ្យដល់ខ្នងផ្ទះផ្ទាល់តែម្តង ដោយជៀសវាងការប្រមូលផ្តុំមនុស្សជួបជុំក្នុងចំនួនច្រើន៕