ក្លិបអធិរាជស Real Madrid បានអះអាងថា កីឡាករ Casemiro បានព្រមព្រៀងផ្លាស់ទៅកាន់ក្លិបនាគខៀវ Porto ជាលក្ខណៈខ្ចីជើងសម្រាប់រដូវកាល២០១៤-២០១៥ ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានផ្លាស់ពីក្លិប Sao Paulo មក Real Madrid កាលពីរដូវកាលមុនប៉ុន្តែរូបគេមិនសូវជាបានចូលលេងញឹកញាប់ទេនៅក្នុងកីឡាដ្ឋាន Bernabeu ហើយជាចុងក្រោយកីឡាករវ័យ២២ឆ្នាំរូបនេះត្រូវបានអនុញ្ញាតឲ្យក្លិប Porto ខ្ចីជើងហើយក្លិប Porto អាចនឹងទិញយកផ្តាច់តែម្តងនៅបញ្ចប់រដូវកាលក្រោយ ។
ក្លិប Real Madrid បានប្រកាសថា “Real Madrid និង FC Porto បានឈានដល់កិច្ចព្រមព្រៀងលើការខ្ចីជើងកីឡាករ Casemiro សម្រាប់រដូវកាលឆ្នាំ ២០១៤-២០១៥” ។ គួរបញ្ជាក់ថា Casemiro ធ្លាប់ចូលលេងបាន៥ប្រកួតសម្រាប់ប្រទេសរបស់ខ្លួន ៕