អាជ្ញាធរបន្តចុះអប់រំសុខភាពនិងណែនាំពលករខ្មែរដែលទើបត្រឡប់មកពីក្រៅប្រទេសអោយនៅដាច់ដោយឡែកពីគ្រួសារ១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

ខេត្តព្រះសីហនុ៖នៅព្រឹកថ្ងៃទី៦មេសា២០២០ អភិបាលរងខេត្តពីររូប ១.លោក គង់ វិតាណាក់ ២.លោក ម៉ាង ស៊ីណេត ត្រូវបានចាត់អោយចុះសួរសុខទុក្ខ អប់រំ និងផ្តល់អំណោយជាអង្ក ត្រីខកំប៉ុង ទឹកសុទ្ធ ថវិកាមួយចំនួនផងដែរដល់ពលករមកពីថៃនិងម៉ាឡេស៊ី ខណៈនៅស្រុកដ្ទឹងហាវបានចុះពីម្សិលមិញរួចហើយ។

ក្នុងស្ថានភាពនេះអាជ្ញាធរខេត្តព្រះសីហនុ នៅតែមានការខ្វល់ខ្វាយចំពោះសុខភាពប្រជាជនតាមភូមិដោយខ្លាចមានឆ្លងជំងឺកូវីដ១៩ជាពិសេស ក្នុងដំណាក់កាលដែលមានពលករខ្មែរធ្វើការនៅក្រៅប្រទេសបានវិលត្រឡប់មកស្រុកកំណើតខ្លួនវិញស្របពេលជំងឺកូរ៉ូណាកំពុងគម្រាមកំហែង។

ចំពោះមុខនៃការវាយប្រហារដោយវិរុសកូរ៉ូណានេះ អាជ្ញាធរខេត្តព្រះសីហនុ បានចាត់វិធានការណ៍បន្ទាន់នានាផងដែរដើម្បីចុះណែនាំប្រជាជននៅគ្រប់តំបន់ជាប្រចាំតែម្តងដើម្បីអោយពួកគេបានយល់ដឹងនិងចេះថែរក្សាសុខភាពខ្លួនស្របតាមវិធានសំខាន់របស់ក្រសួងសុខាភិបាល។

លោក គង់ វិតាណាក់ មានប្រសាន៍ថា៖”យើងពិតជាមានការបារម្ភខ្លាចប្រជាជនយើងមានឆ្លងជំងឺកូរ៉ូណាជាពិសេសក្នុងពេលវាលាដែលបងប្អូន ក្មួយៗធ្វើការងារនៅក្រៅប្រទេសហើយត្រូវត្រឡប់មកស្រុកកំនើតជួបជុំគ្រួសារនាពេលនេះ។ដូច្នេះយើងត្រូវតែណែនាំពួកគាត់យល់ចេះថែរក្សាសុខភាពនិងនៅដាច់ពីគ្រួសារ១៤ថ្ងៃសិនដើម្បីបង្ការហានិភ័យដោសារកូវីដ១៩”។

លោក ម៉ន សៀន មេឃុំបឹងតាព្រហ្ម និងលោកមេឃុំព្រៃនប់ បានប្រាប់ថា ក្នុងមូលដ្ឋានឃុំរបស់គាត់ ឃុំនិងមេភូមិចុះណែនាំប្រជាជនជាប្រចាំពិសេសអ្នកមកពីក្រៅប្រទេសអោយពួកគាត់នៅដាច់ដោយឡែពីគ្រួសារពួកគេតាមលំណែនាំនៃក្រសួងសុខាភិបាលដើម្បីបង្ការការឆ្លងកូរ៉ូណា។ក៏ប៉ុន្តែចំពោះស្ថានភាពរស់នៅរបស់អ្នកភូមិភាគច្រើនគាត់ទំលាប់រស់នៅផ្ទះតែមួយរួមគ្នាហើយគ្រួសារខ្លះក្រីក្រគ្មានលទ្ធភាពធ្វើរោងរឺកន្លែងស្នាកនៅ់បណ្តោះអាសន្ននើទេ។ចំណែកឃុំគ៏គ្មានលទ្ធភាពក្នុងការជួយធ្វើជម្រកអោយពលករទាំងនោះនៅដាច់ពីគ្រួសារដែរ។

យុវជនដែលទើបត្រឡប់មកពីធ្វើការងារនៅប្រទេសថៃបាននិយាយថា អាជ្ញាធរនិងគ្រូពេទ្យបានមកប្រាប់ពួកគេអោយចេះពីរបៀបអនាម័យថែសុខភាព ស្នាក់នៅដាច់ដោយឡែកឬឃាតឆ្ងាយពីគ្រួសារនិងតាមដានសុខភាពខ្លួនអោយបានខ្ជប់ខ្ជួន។
ពួកគេបានស្នើអោយអ្នកមកពីក្រៅប្រទេសទាំងអស់គួរដាក់ខ្លួនឯងអោយឃ្លាតពីគ្រួសារ១៤ថ្ងៃដើម្បីចៀសវាងមានករណីឆ្លងកូរ៉ូណាដោយមិនដឹងខ្លួន។

ឯ.ឧ គួច ចំរើន មានប្រសាសន៍ថានឹងស្នើអោយគ្រូពេទ្យយកសំណាកពលករខ្មែរមកពីក្រៅទៅធ្វើតេស្តរកកូវីដ១៩ដើម្បីអោយឃើញប្រាកដមុននឹងអោយគាត់ទៅរួមរស់ជាមួយក្រុមគ្រួសារ។
ជាមួយនេះវិធានការដាក់អោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃក៏ត្រូវតែអនុវត្តទៅលើពួកគេ។ដោយឡែកអាជ្ញាធរមូលដ្ឋាននិងបុគ្គលិកសុខាភិបាលក្នុងតំបន់ក៏តម្រូវអោយចុះអប់រំណែនាំអំពីវិធានការការពាសុខភាពផ្ទាល់ខ្លួនដើម្បីប្រឆាំងនឹងជំងឺកូវីដនេះផងដែរ។

សូមបញ្ជាក់ថានៅខេត្តព្រះសីហនុ យោងតាមសម្រង់ស្ថិតិពលករមករខ្មែរទើបត្រឡប់មកពីក្រៅប្រទេសក្នុងកាលៈទេសៈដែលមានការគម្រាមកំហែងដោយកូវីដ១៩នាពេលនេះមានចំនួន ១១២នាក់ ក្នុងនោះមានស្រីចំនួន៥២នាក់។
(ដោយ ខៀវ សាវ៉ុន)