ព្រះវិហារ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មធិការប្រឆាំងភេរវកម្ម បានថ្លែងលើកឡើងថា៖ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ក្នុងអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងនាយ និងពលទាហានទាំងអស់ចំណុះ ពិតជាបានធ្វើនូវពលិកម្ម ដអង្គអាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី រយៈពេលកន្លងមក និងនៅក្នុងពេលនេះ បានបំពេញតួនាទី និងភារកិច្ចបានយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ។
ប្រសាសន៍ថ្លែងលើកឡើងបែបនេះ របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ក្នុងពិធីអញ្ជើញចុះសាកសួរសុខទុក្ខ សំណេះសំណាល និងយកអំណោយជាសម្ភារៈមានគ្រឿងឧបភោគបរិភោគ និងថវិកា ឧបត្ថម្ភជូនដល់កងទ័ពសម្ព័ន្ធមេត្រី កងពលធំអន្តរាគមន៍លេខ៣ ដើម្បីផ្សារភ្ជាប់ នូវសម្ព័ន្ធមេត្រីភាព រវាងសមរភូមិមុខ និងសមរភូមិក្រោយ អោយនៅតែកៀកជិតនឹងគ្នា ដែលកំពុងមានភារកិច្ចឈរជើងការពារទឹកដីជួរមុខ នៃទិសទី១ ប្រាសាទព្រះវិហារ តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ មុនឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ កាលពីព្រឹកថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ថ្លែងលើកឡើងទៀតថា៖ កម្លាំងកងពលធំអន្តរាគមន៍លេខ៣ គឺជាកម្លាំងស្នូលមួយ ក្នុងការការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន និងជាកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គមដ៏ល្អយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ស្របពេលដែលបរិបថ នៃប្រទេសជាតិ កំពុងស្ថិតក្នុងសុខសន្តិភាពយ៉ាងពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។
ជាមួយគ្នានោះឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងឲ្យដឹងដែរថា៖ ជំងឺកូវីដ១៩គ្មានធ្វើបាបអ្នកណាខ្លាំង ក្រៅពីធ្វើបាបមេដឹកនាំកំពូលនោះទេ ។ ដោយឡែកប្រទេសកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទប់ទល់រាល់ស្ថានការណ៍ដែលកើតមានឡើងចំពោះមុខគួរជាទីមោទនះ ។ ដូច្នេះសូមបងប្អូននាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ានរបស់យើងគ្រប់ៗរូប ត្រូវមានការប្រុងប្រយត្ន័ កុំអោយឆ្លងជំងឺកូវីដ១៩នេះ ផ្ទុយទៅវិញយើងទាំងអស់គ្នា ត្រូវចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ ដោយអនុវត្តអោយបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ សួនលីណា