(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋក្នុងភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ចំនួន២១គ្រួសារ ទទួលបានការអប់រំពាក់ព័ន្ធនឹងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ឬហៅថា Covid-19 ពីលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយក្រុងប៉ោយប៉ែតកាលពីព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០នេះ
លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយក្រុងប៉ោយប៉ែត លោក ឈឿង ឈីវអៀន អគ្គនាយកធនាគារABAប្រចាំខេត្តបន្ទាយមានជ័យ និងលោកចៅសង្កាត់និមិត្ត បានចុះអប់រំផ្សព្វផ្សាយពីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ឬហៅថា Covid19 ព្រមទាំងបានចែកម៉ាស ក្រមា ថ្នាំពេទ្យ និងធ្វើការវាស់កំដៅក្នុងខ្លួនជូនប្រជាពលរដ្ឋក្នុងភូមិនិមិត្ត១ ចំនួន២១គ្រួសារ ដែលទើបត្រឡប់មកពីធ្វើការក្នុងប្រទេសថៃដល់ខ្នងផ្ទះ។
ក្នុងឱកាសនោះ លោក គឹង វណ្ណៈ បានអោយដឹងថា កន្លងមកថ្វីបើមានការអប់រំ និងពិនិត្យកំដៅប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិយ៉ាងណាក្តី លោកក៏ដូចជាក្រុមការងារ នៅតែបន្តធ្វើការផ្សព្វផ្សាយ និងពិនិត្យកំដៅជូនចំពោះពួកគាត់ ពីព្រោះថាអង្គការសុខភាពពិភពលោក(WHO) បានបង្ហាញពីករណីជំងឺកូវីដ១៩(Covid19)ខ្លះ មានរយៈពេលរហូតដល់១៤ថ្ងៃឯណោះ ទើបអាចពិនិត្យឃើញវិជ្ជមាន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដាក់ខ្លួនដាច់ដោយឡែកអោយបានរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩(Covid19) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក គឹង វណ្ណៈ បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវមានការសហការជាមួយមន្ទីរសុខាភិបាល និងអាជ្ញាធរ ហើយក្នុងករណីមានការសង្ស័យ ត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាពដើម្បីការប្រឹក្សាយោបល់ ឬខលទៅកាន់លេខ ១១៥ ជាបន្ទាន់៕ដោយ: ឃិន គន្ធា