បន្ទាយមានជ័យ:ប្រជាពលរដ្ឋ និងអាជីវករខ្មែរ មកប្រមូលផ្ដុំគ្នានៅលើស្ពានមិត្តភាព កម្ពុជា-ថៃ ដើម្បីសួរនាំអាជ្ញាធរថៃ ច្រកទ្វារព្រំដែនអន្តរជាតិ ខ្លងលឹក អំពីកាលបរិច្ឆេទ នៃថ្ងៃបើកច្រកពេលណាពិតប្រាកដ។ ការសួរនាំកើតឡើងនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ង៉ោ ម៉េងជ្រុញ អភិបាលរងខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ត្រី ឡុង មិថុនា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ និងលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសម្របសសម្រូលប្រជាពលរដ្ឋ អាជីវករ ឲ្យបានយល់អំពីភាគីខាងថៃ តំរូវឲ្យពន្យាលពេលទៀត ដោយប្រទេសថៃដាក់ក្នុងភាពអាសន្ន ដូច្នេះបងប្អូនប្រជាពលរដ្ឋ គួរតែយល់អំពីជំងឺ COVID -19 ជាជំងឺឆ្លងដ៏កាចសាហាវ ហើយពួកគាត់ក៏បានរំសាយ ទៅផ្ទះរៀងៗខ្លួនវិញ។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី ឡុង មិថុនា និងលោកឧត្តមសេនីយ៍យ្រី អុី ចំរើន បានចុះពិនិត្យសកម្មភាពបំពេញការងារ របស់មន្រ្តីនៅតាមគោលដៅគ្រប់ផ្នែករបស់ប៉ុស្តិ៍ និងពិនិត្យការជួសជុល កែលំអរបន្ទប់ សម្រាប់ភ្ញៀវរងចាំ នៅផ្នែកបែបបទចេញ-ចូល រង្វង់មូល បន្ទាប់មកលោក ក៏បានផ្តាំផ្ញើឲ្យមន្រ្តីក្រោមឱវាទ ចេះសំអាតដៃ ការពារជំងឺឆ្លង និងគោរពវិន័យរបស់អង្គភាព ជាមន្រ្តីជួរមុខដ៏ល្អ និងជាមន្រ្តីគំរូរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ផងដែរ៕ដោយឃិន គន្ធា