នោះលោកអធិការនគរបាលស្រុកតាវែង ត្រូវបានកូនចៅប្តឹងឲ្យដកក្រវាត់ចោល

ខេត្តរតនគិរី ៖ លោកអធិការស្រុកតាវែង ត្រូវបានកូនចៅក្រោមឱវ៉ាតដាក់បណ្ដឹង បន្ទាប់ពីលោកអធិការរូបនេះ បានបាញ់គំរាមមន្ត្រីក្រោមឱវ៉ាត និងបញ្ជាកូនចៅឲ្យប្រព្រឹត្តអំពើល្មើសរំលោភបំពាន មកលើប្រជាកសិករ និងអាជីវករ ក្នុងស្រុកតាវែង។
បើយោងតាមពាក្យបណ្ដឹងរបស់លោកអធិការរង នាយផ្នែក នាយរងផ្នែក មន្ត្រីជំនាញ ព្រមទាំងនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍រដ្ឋបាលនគរបាលទាំងអស់ ប្ដឹងចូលសាលាស្រុកតាវែង ប្ដឹងចូលស្នងការនគរបាលខេត្ត និងប្ដឹងទៅឯកឧត្ដមអភិបាលខេត្ត អំពីករណីលោកវរៈសេនីយ៍ទោ សម្បត្តិ កុសល អធិការស្រុកតាវែងអាងអំណាចបាញ់គំរាមមន្ត្រីនគរបាលយាមប៉ុស្ដិ៍សន្តិសុខស្ពានទី៣ ស្ថិតក្នុងភូមិតាវែង ត្រង់ចំណុចរង្វង់មូលស្រុកតាវែង ចំនួន១១គ្រាប់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០.៣០នាទី យប់ ថែមទាំងជេរម៉ែពួកគាត់ទៀតផង។
ក្នុងពាក្យបណ្ដឹង បានរៀបរាប់ថា លោកវរៈសេនីយ៍ទោ សម្បត្តិ កុសល តែងតែអាងអំណាច ដៀលប្រម៉ាថកូនចៅក្រមឱវ៉ាត ប្រព្រឹត្តអំពើខុសពីវិន័យកងកម្លាំង គៀបសង្កត់ប្រជាកសិករ ដូចជា អួតអាងថាមានខ្នងធំ គ្មានអ្នកណាធ្វើអីគាត់បានទេ.គាត់ថាមកកាន់ជាអធិការនៅស្រុកនេះ គាត់ចំណាយប្រាក់អស់៥ទៅ៦ម៉ឺនដុល្លា។ ជេកូនចៅក្រោមឱវ៉ាតថាពួកអាប៉ូលីសអាចន៍ក្ដ មិនចេះយកលុយពីអ្នកដឹកគ្រាប់ស្វាយចាន្ទី អ្នកដឹកបន្លែ ផ្លែឈើ ត្រីសាច់តាមម៉ូតូជាដើម ព្រមទាំងគំរាមឲ្យមន្ត្រីក្រោមឱវ៉ាត ដោះសំលៀកបំពាក់ឯកសណ្ឋានចេញ បើមិនធ្វើតាម និងគំរាមផ្លាស់ប្ដូរ និងដកចេញពីក្រមខណ្ឌគ្រប់ពេលវេលា ដោយមិនមានមូលហេតុ.ទាត់មន្ត្រីក្នុងជួរកងកម្លាំង និងស្រាយអង្រឹងទាំងយប់ដោយគ្មានមូលហេតុ.ប្រជាពលរដ្ឋដឹកបង្គោលរបង ឈើធ្វើផ្ទះ បញ្ជាឲ្យចាប់យកមកប៉ុស្ដិ៍បង់លុយសិនទើបឲ្យវិលតរឡប់ទៅវិញ ហើយលុយទាំងនេះ ត្រូវបានលោកអធិការយកទៅចាយវាយម្នាក់ឯង ធ្វើឲ្យប្រជាពលរដក្នុងស្រុកតាវែងស្អប់ខ្ពើម មន្ត្រីនគរបាលទាំងអស់ក្នុងស្រុកតាវែង។
ជុំវិញករណីខាងលើនេះ ក្រុមអ្នកសារ ព័ត៌មានយើងមិនអាចសុំការបំភ្លឺណាមួយពីលោកឧត្ដមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរីបានទេ ដោយទូរស័ព្ទមិនមានអ្នកលើក កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ។
បើតាមមតិមហាជន បានលើកឡើងថា បទល្មើសរបស់លោកវរៈសេនីយ៍ទោ សម្បត្តិ កុសល ពិតជាច្រើនពេកហើយ ទាំងវិន័យកងកម្លាំង ទាំងបទល្មើស និងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច និងស្អប់ខ្ពើម បើនិយាយឲ្យចំ គឺមនុស្សដែលសង្គមមនុស្សមិនត្រូវការ ហើយផ្ទុយនិងគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាល។ មតិមហាជនបានលើកឡើងថា បើទោះជាយ៉ាងណា ប្រហែលជាច្បាប់មិនហ៊ានធ្វើអីលោកអធិការទេមើលទៅ ពីព្រោះគាត់មានខ្នងធំ និងគាត់ចំណាយប្រាក់រហូតដល់៥ទៅ៦ម៉ឺនដុល្លាឯណោះ ទើបបានមកកាន់ជាអធិការស្រុកនេះបាន។ តើអ្នកណាទៅហ្ន៎? ដែលយកប្រាក់លោកអធិការ ហើយឲ្យគាត់មកបង្កព្យុះភ្លៀងតាមតែអំពើចិត្តដូច្នេះ៕