អាជ្ញាធរ ខេត្តកំពង់ចាម ទទួល ការ ឧបត្តម្ភ ជា ថវិកា និង សម្ភារៈ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ ១៩ ពីសមាជិកព្រឹទ្ធសភាភូមិភាគ២

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធនឹង ជំងឺ កូវីដ១៩ ខេត្តកំពង់ចាម រួមនឹង លោក លោកស្រី អភិបាលរងខេត្ត នាព្រឹក ថ្ងៃ ទី ៧ ខែមេសា ឆ្នាំ ២០២០នេះ បានអញ្ជើញចូលរួមទទួលថវិកា និង សម្ភារៈ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ ១៩ ពីព្រឹទ្ធសភាប្រចាំភូមិភាគ២ ខេត្តកំពង់ចាម-ត្បូងឃ្មុំ ។

ឆ្លៀត ក្នុង ឱកាស នោះ ដែរ ឯកឧត្តម ជឹម លាវ សមាជិក ព្រឹទ្ធសភា ភូមិភាគ ២ បាន វាយតម្លៃ ខ្ពស់ ចំពោះ ការ ខិតខំ ប្រឹងប្រែង របស់ រដ្ឋបាល ខេត្តកំពង់ចាម ដែល បាន អនុវត្ត តាម បទ បញ្ជា របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ក៏ដូចជា សេចក្ដី ណែនាំ របស់ ក្រសួង សុខាភិបាល ក្នុង ការ បេីក យុទ្ធនាការ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ ១៩) ដោយ បាន ធ្វើ សកម្មភាពចុះផ្សព្វផ្សាយសារអប់រំ នៅតាមដងផ្លូវ នានា និង នៅ តាម ខ្នងផ្ទះរបស់ បងប្អូន ប្រជាពលរដ្ឋ យ៉ាងសកម្ម ជាពិសេសចំពោះបងប្អូនពលរដ្ឋ ដែលទើបត្រឡប់មកពីក្រៅប្រទេស វិញ ដេីម្បី រួម គ្នា ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ ដ៏ កាច សាហាវ នេះ ព្រមទាំង បាន រៀបចំអាគារ ដាក់ ឲ្យ នៅ ដាច់ ដោយ ឡែក ចំនួន ៤ កន្លែង ដែល មាន ជិត ២០០បន្ទប់ សម្រាប់ ត្រៀម ទទួល ព្យាបាលអ្នកកើតជំងឺ Covid-19 ផងដែរ ។

ជាមួយគ្នា នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះសមាជិកព្រឹទ្ធសភា ភូមិភាគ ២ ដែលបានជួយ ឧបត្ថម្ភ ជាថវិកា ផ្ទាល់ ខ្លួន ចំនួន ៦លានរៀល ម៉ាស់ដេរដោយដៃ ចំនួន ៥០០០ម៉ាស់ និងអាល់កុល១២០លីត្រ ជូន ដល់ គណៈកម្មការ ប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ ខេត្តកំពង់ចាម សម្រាប់យកទៅប្រើប្រាស់ តាមតម្រូវការចាំបាច់ ក្នុង យុទ្ធនាការ នានា ជាពិសេស ក្នុង ការ ចុះផ្សព្វផ្សាយ ណែនាំ អំពី វិធានការ ចាំបាច់នានា ក្នុង ការ បង្ការ រទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ ១៩) ជា ពិសេស ការចុះ ផ្សព្វផ្សាយ ដល់ បងប្អូនពលករ ដែលទើបតែត្រឡប់មកពីក្រៅប្រទេស វិញ ឲ្យ ពួក គាត់ ស្វែងយល់ អំពី ការ ដាក់ ឲ្យ នៅដាច់ដោយ ឡែក រយៈពេល ១៤ថ្ងៃ ដេីម្បី សុខសុវត្ថិភាពក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ផងដែរ ៕