ប្រធានក្រុមការងាររបស់រាជរដ្ឋា ភិបាលចុះជួយឃុំបន្ទាយស្ទោងបន្តចុះផ្សព្វផ្សាយ វិធានការការពារទប់ស្កាត់ ប្រឆាំងមេរោគកូវិដ១៩

ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជា ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយឃុំបន្ទាយស្ទោង បានបន្តដឹកនាំសហការី យ៉ាងសកម្មក្នុងការចុះផ្សព្វផ្សាយ ពីវិធានការការពារទប់ស្កាត់ ប្រឆាំងមេរោគកូវិដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលទាំង៦ចំនុច។

សកម្មភាពក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ  ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន នឹងសហការី រួមជាមួយអាជ្ញាធរដែនដី ត្រូវបានផ្សព្វផ្សាយចុះនៅតាមផ្ទះប្រជាពលរដ្ឋ វិធានការការពារទប់ស្កាត់ ប្រឆាំង និងមេរោគកូវីដ១៩បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ខែមេសាឆ្នាំ២០២០ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាន នាំយកជំនួយឧបត្ថម្ភ របស់ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន  ម៉ាណែត  មេបញ្ជាការកងទ័ពជើងគោក  មកជួយដោះស្រាយការលំបាកខ្វះខាត ជូនប្រជាពលរដ្ឋចំនួនបីគ្រួសារ  នៅភូមិស្លាករ  ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥  គីឡូក្រាម  មីមួយកេស  ត្រីខកំប៉ុងមួយយួរ និង ក្រម៉ា២   ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋ កុំប្រមូលផ្តុំគ្នាច្រើន ឬពិធីជួបជុំ ក្នុងកម្មវិធីជប់លាង រួមទាំងពិធីសាសនា ជាដើម ដើម្បីការពារនិងទប់ស្កាត់ ការរីករាលដាលឆ្លងជំងឺកូវិដ១៩ នៅក្នុងសហគមន៍ និងត្រូវថែរក្សាសុខភាព លាងដៃនឹងសាប៊ូ ឬអាកុល ជាប្រចាំ ស្នាក់នៅក្នុងផ្ទះ បើពុំមានការចាំបាច់ចេញទៅក្រៅផ្ទះ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយឲ្យជំងៃដ៏សាហាវនេះ សាបរលាបដោយគ្មានអ្នកឆ្លងបន្តទៀត ។

ដោយ ប៊ុន រដ្ឋា