ព្រោះតែខលឆាតទូរស័ព្ទទៅសង្សារតែនាងមិនបានលើកឆ្លើយតបជាមួយខ្លួន យុវជនម្នាក់តូចចិត្តគិតខ្លីសម្រេចចិត្តធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯង

(កំពង់ធំ)៖ យុវជនម្នាក់តូចចិត្តគិតខ្លីសម្រេចចិត្តធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯង ព្រោះតែខលឆាតទូរស័ព្ទទៅសង្សារតែនាងមិនបានលើកឆ្លើយតបជាមួយខ្លួន បង្ករអោយមានការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង ៦ និង ២០ នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចតំបន់ត្រពាំងតុកកែខាងកើត ភូមិអន្លង់ជួរ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ចំងាយប្រហែល ៥០០ម៉ែត្រ។

សពឈ្មោះ តុន ទីម ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែ មុខរបរ ធ្វើស្រែ នៅភូមិអន្លង់ជួរ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។តាមការបំភ្លឺរបស់ ឈ្មោះ ឡេង តាក់ ភេទប្រុស ត្រូវជាបងថ្លៃបានបញ្ជាក់ថា៖ ជនរងគ្រោះជាប្អូនថ្លៃ រស់នៅជាមួយគាត់យូរហើយ នៅថ្ងៃទី ០៦.០៤. ២០២០ វេលាម៉ោងប្រហែល១៣ មិនឃើញឈ្មោះ ទីម នៅផ្ទះ គាត់ក៏ដើររក ក៏ជួបកំពុងអង្គុយផឹកស្រាស គាត់ក៏ហៅឲ្យមកផ្ទះ មកដល់គាត់ប្រើឲ្យពុះអុស វាពុះបានមួយដុំក៏ឈប់ គាត់ប្រាប់ថា អាពុះប៉ុណ្នឹងដុតម៉េចគ្រាន់ វាមិនតបវិញទេ ក៏ដើរ ចេញបាត់រហូត លុះព្រឹកឡើងថ្ងៃទី ០៧.០៤.២០២០ វេលាម៉ោងប្រហែល ៦ព្រឹកគាត់ក៏ទូរស័ព្ទរកប្អូន តេចូល តែគ្មានមនុស្សលើក មួយសន្ទុះក៏មានបងប្អូនក្នុងភូមិបានមកប្រាប់ថា អា ទីម វាចងក នៅត្រពាំងតុកកែ ខាងកើតភូមិស្លាប់បាត់ហើយ ពេលគាត់ទៅដល់បានឃើញបងប្អូនក្នុងភូមិស្រាយទម្លាក់សាកសពឈ្មោះ ទីម មកដីមិនដឹងស្លាប់ពីពេលណាទេ។

តាមការបំភ្លឺរបស់ ឈ្មោះ ឡន ភីន ភេទប្រុស ជាអ្នកភូមិជាមួយបានបំភ្លឺថា នៅថ្ងៃទី០៧.០៤. ២០២០ វេលាម៉ោងប្រហែល ៦ព្រឹកគាត់បានទៅ ដើរកកាប់ដើមថ្នាំ ឲ្យប្រពន្ធដាំផឹកនៅចំណុចតំបន់ត្រពាំងតុកកែ ខាងកើតភូមិចំងាយប្រហែល ៥០០ម៉ែត្រ ពេលគាត់ដើរជិតដល់ដើម ខ្ចាស់ បានលឺសម្លេងទូរស័ព្ទរោទ៍ គាត់ក៏ដើររកមើល ឃើញស្បែក ជើងផ្ទាត់ពណ៌ដី ១គូរនៅលើដំបូកក្បែរគល់ដើមខ្ចាស់ គាត់ក៏ងើយមើលលើ ស្រាប់តែឃើញមនុស្សចងក ស្លាប់នៅលើចុង ឃើញដូចនោះគាត់ក៏រត់សំដៅមកភូមិវិញប្រាប់អ្នកភូមិឲ្យទៅមើល តែគាត់មិនបានទៅវិញទេព្រោះខ្លាច។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងការពិនិត្យលើទូរស័ព្ទដៃរបស់ជនរងគ្រោះ តាមរយៈអាខោន facebook ឈ្មោះ Bro Na Sinkgle មានសារសម្លេងជនរងគ្រោះ និងមានរូបថត រូបអាវដៃវែង ចងភ្ជាប់ទៅនឹងមែកឈើ មុនពេលជនរងគ្រោះធ្វើអត្តឃាត។

ទទួលព័ត៌មានភ្លាមសមត្ថកិច្ចជំនាញ សហការជាមួយ លោកមេភូមិ ប៉ុស្ដិ៍រដ្ឋបាលឃុំក្រយា និងប្រជាពលរដ្ឋសាច់ញាតិសព ធ្វើការពិនិត្យ សាកសពនិងទីកន្លែងកើតហេតុ។
ការពិនិត្យ នៅដងខ្លួនសាកសពយើងពុំឃើញមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ឡើយ ហើយសមត្ថកិច្ចបានសន្និដ្ឋានថា៖ ជនរងគ្រោះ ឈ្មោះ តុន ទីម នេះពិតជាបានស្លាប់ដោយសារចងក(ធ្វើអត្តឃាត)។
មូលហេតុ: ដោយសារមានវិបត្តិផ្លូវចិត្ត។បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញ យើងបានធ្វើកំណត់ហេតុប្រគល់សាកសព ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕