ខេត្តព្រះវិហារ៖ ស្ត្រីជាកសិករម្នាក់ ដែលរស់នៅក្នុងស្រុកដាច់ស្រយាលមួយ ក្នុងខេត្តព្រះវិហារ ជាប់ព្រំដែនថៃ ត្រូវបានរន្ទះបាញ់សម្លាប់នៅក្រោមដើមឈើមួយក្បែរភូមិ ក្នុងគ្រាដែលមេឃរងនូវភាពខ្មៅងងឹតអួរអ័ព្ទ ហើយដំណក់ទឹកភ្លៀងបានបង្អុរចុះមក ជាមួយនឹងការបោកបក់ដោយខ្យល់កន្ត្រាក់។
ហេតុការណ៍នោះ បានកើតឡើងនៅម៉ោងប្រមាណជា៤រសៀល ថ្ងៃទី៧មេសាឆ្នាំ២០២០ នៅចំណុចទំនប់សីម៉ា ស្ថិតក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អធិការនគរបាលស្រុកជាំក្សាន្ត លោកវរៈសេនីយ៍ទោ ឧិ សេង បានបង្ហាញរបាយការណ៍ថា នៅរសៀលថ្ងៃម្សិលមិញនោះ មានគ្រោះធម្មជាតិបានកើតឡើងពីរករណី គឺរន្ទះបានបាញ់សម្លាប់មនុស្សម្នាក់ និងមានខ្យល់កន្ត្រាក់ លាយឡំជាមួយនឹងការធ្លាក់ភ្លៀងមួយមេ បោកបក់បំប៉ើងដំបូលផ្ទះប្រជាពលរដ្ឋ ១ខ្នងផងទៀត។ លោកអធិការបន្តថា ក្នុងពេលមេឃកំពុងភ្លៀង រន្ទះបានបាញ់សម្លាប់ស្ត្រីម្នាក់ ឈ្មោះ សួស ណាំ អាយុ៣៧ឆ្នាំ នៅក្នុងពេលដែលស្ត្រីរងគ្រោះ បានឡើងដើមឈើ ដើម្បីកាច់ស្លឹកឈើយកមកអោយគោស៊ី ក៏ត្រូវរន្ទះបាញ់ធ្លាក់ពីលើដើមមកដី ស្លាប់ភ្លាមៗតែម្តង។ លោកថា ស្ត្រីរងគ្រោះជាកសិករ បានស្លាប់ចោលប្តី និងកូនស្រីតូចៗពីរនាក់ទៀត អោយរស់រងកំព្រា នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
លោកវរៈសេនីយ៍ទោ ឧិ សេង បានបន្តអោយដឹងទៀតថា ស្របពេលជាមួយគ្នានោះ ខ្យល់កន្ត្រាក់ ក៏បានវាយបំប៉ើងផ្ទះប្រជាពលរដ្ឋ ១ខ្នង របើកដំបូលអស់មួយចំហៀង ដែលផ្ទះនោះជារបស់អាជីវករលក់ដូរ នៅក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកថា ក្រោយហេតុការណ៍ កម្លាំងនគរបាលជំនាញស្រុក បានចុះទៅដល់ទីកើតហេតុ ហើយបានធ្វើកោសល្យវិច្ច័យ ពិនិត្យទៅលើសាកសពស្ត្រីរងគ្រោះ ឃើញថា ស្ត្រីនោះបានស្លាប់ដោយសាររន្ទះបាញ់យ៉ាងពិតប្រាកដ និងបានប្រគល់សាកសពទៅអោយគ្រួសារ ដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក ផ្ទះ១ខ្នងដែលរងការរបើកដំបូលនោះ កម្លាំងសមត្ថកិច្ច បានចុះទៅជួយរុះរើ និងប្រក់ឡើងវិញនោះហើយ៕