ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយនឹងបងប្អូនប្រជាពលរដ្ឋ បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចផ្លូវសុធារស ជិតប៊ុលឌិញ ខណៈ ពួកគេបានដើរធ្វើសកម្មភាព យកទូរស័ព្ទដៃម៉ាកអាយហ្វូនហ្វាយ ពីបុរសម្នាក់បានសម្រេច កាលពីវេលាម៉ោង ១៧នឹង ៣០នាទី
ល្ងាចថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៤ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាៈ ជនសង្ស័យទាំង២នាក់ ដែល បានឃាត់ខ្លួនខាងលើមានឈ្មោះ ម៉ក់ សុខសម្បត្តិ ភេទប្រុស អាយុ ១៩ឆ្នាំ. ទី២ ឈ្មោះ គង់ វីណា ភេទប្រុស អាយុ១៩ឆ្នាំ ។ អ្នកទាំង២ មានមុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ០២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ចំណែកបុរសជាម្ចាស់ទូរស័ព្ទមានឈ្មោះ លីបន់ ណារ៉ា អាយុ១៩ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះលេខ ៥៣E ផ្លូវលេខ១៣៤សង្កាត់វាលវង់ ខណ្ឌ៧មករា។
ប្រភពដដែលបន្តថា៖ មុនដំបូងជនរងគ្រោះ បានបើករថយន្តមួយគ្រឿងមកឈប់ផ្លូវសុធារស់ជិតខារ៉ាអូខេអិចធូរ ដើម្បីរកនារីៗ ។ ភ្លាមៗនោះ ជនសង្ស័យទាំង២នាក់ បានស្ទុះមកសួរនាំជនរងគ្រោះថា តើលោកចង់បាននារីមែន ? ដោយស្របទៅនឹងចំណង់ចំណូលចិត្ត របស់និស្សិតទាំងពីររូបផងនោះ ជនរងគ្រោះក៏ឆ្លើយ ដោយមិនបង្អង់ថា ចង់បាន ។ ភ្លាមនោះ ក្រុមជនសង្ស័យប្រើល្បិចសុំ ទូរស័ព្ទ ម៉ាកអាយហ្វូនហ្វាយ របស់ជនរងគ្រោះដើម្បីហៅទៅនារីៗឲ្យមកជួប ។ ពេលទទួលបានទូរស័ព្ទហើយ ជនសង្ស័យបាននាំគ្នារត់គេចខ្លួន ប៉ុន្តែត្រូវជនរងគ្រោះបើករថយន្ត ដេញតាមបង្កឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ ហើយយកទៅកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរព័ត៌មាន ។
ដោយយោងតាមពាក្យបណ្តឹងរបស់បុរសម្ចាស់ទូរស័ព្ទ និងសម្តីសាក្សីនៅកន្លែងកើតហេតុនោះ សមត្ថកិច្ច បានសម្រេចបានបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ ទៅឃុំបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរ បាលខណ្ឌចំការមន រង់ចាំសាកសួរបន្ត នឹងរង់ចាំផ្តុំសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានី ភ្នំ ពេញ ផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ម៉ែន ប៊ុនធី