អភិបាលខេត្តកំពង់ចាម៖​ ទោះបីជា​យ៉ាងណា​ ជំងឺ​កូវីដ​១៩​ មិន​បាន​ធ្វេី​ឲ្យ​ប៉ះពាល់​រាំងស្ទះ​ ដល់​ដំណើរការ​អភិវឌ្ឍន៍​ របស់​ខេត្ត​នោះឡើយ​

0

កំពង់ចាម​: អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​អះអាង​ថា​ ទោះ​បីជា​យ៉ាង​ណា​ ជំងឺ​កូវីដ​១៩​ មិន​បាន​ធ្វើ​ឲ្យ​​ប៉ះពាល់​រាំងស្ទះ​​ដល់​ដំណើរ​ការ​អភិវឌ្ឍន៍​របស់​ខេត្ត​​នោះឡើយ​ ជាក់ស្ដែង​ការ​សាងសង់​ស្ពាន​គៀន​ជ្រៃ​ ត្រូវ​បាន​សម្រេច​មុន​ផែនការ​កំណត់​ តែ​ជាង​៤ខែ​​ ជាមួយ​គ្នានោះ​ គម្រោង​សាងសង់​ខឿន​ច្រាំង​ទន្លេ​​ប្រវែង​១៨៥ម៉ែត្រ​ ក្នុង​ក្រុងកំពង់ចាម​ ត្រូវ​បាន​រៀបចំ​បុក​គ្រឹះ​ស្ថាបនាផងដែរ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ច​ប្រជុំ​សាមញ្ញ​លេីក​ទី​១១​ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​៩​ ខែមេសា​ ឆ្នាំ​២០២០​ ក្រោម​វត្តមាន​ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធាន​ក្រុម​ក្រុមប្រឹក្សា​ខេត្ត​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ លោក​ លោកស្រី​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ អភិបាល​រង​ខេត្ត​ និង​​ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ជាច្រើន​រូប​ផង​ដែរ​។

ថ្លែង​ក្នុង​ពិធី​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​លើក​ឡើង​ថា​ នៅ​ទូទាំង​​ខេត្ត​កំពង់ចាម​ មាន​អ្នក​ផ្ទុក​ជំងឺ​កូវីដ​១៩​ សរុបចំនួន​​១៦នាក់​ សុទ្ធសឹង​តែ​ជា​ភ្ញៀវ​បរទេស​ ហើយ​ត្រូវ​បាន​ព្យាបាល​​ជាសះស្បើយចំនួន​៧នាក់​ ​ជា​បន្តបន្ទាប់​ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ និង​បុគ្គលិក​លេី​នាវា​ Viking Cruise Journey​ បន្ទាប់​ពី​នៅ​ដាច់​ដោយ​ឡែក​រយៈពេល​១៤ថ្ងៃ​ ២ដង​ ហើយ​ត្រូវបានធ្វើ​តេស្ត​ដោយគ្មាន​ផ្ទុក​ជំងឺ​កូវីដ​១៩ទេនោះ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​សណ្ឋាគារ​មេគង្គ​ ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ ដូច្នេះ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ចាម​ ហាក់​ដូច​ជា​មាន​ការ​ធូស្បេីយ​ក្នុង​អារម្មណ៍​ ព្រមទាំង​​ចេញ​ដេីរធ្វើ​ការ​ហាត់ប្រាណ​នៅ​ទី​សាធារណៈ​​ និង​ប្រកប​មុខ​របរ​លក់​ដូរ​ឡើង​វិញ​ផង​ដែរ​។
ឯកឧត្តម​អភិបាលខេត្ត​ បាន​បន្ត​ថា​ ទោះ​ជា​យ៉ាង​ណា​ យើង​មិន​ត្រូវ​ ភ្លេចខ្លួន​ធ្វេសប្រហែស​​នោះឡេីយ​ គឺ​យេីង​ត្រូវ​បន្ត​ការ​ផ្សព្វផ្សាយ​សារ​អប់រំ​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ និង​ណែនាំ​ដល់​ពលករ​ដែល​ទើប​តែ​ត្រឡប់​មក​ពី​ក្រៅប្រទេសវិញ​ ឲ្យពួកគាត់​អនុវត្ត​តាមសេចក្ដីណែនាំ​របស់​ក្រសួង​សុខាភិបាល​ ឲ្យនៅ​ដាច់​ដោយ​ឡែក​រយៈពេល​១៤ថ្ងៃ​ ដេីម្បី​ធ្វើ​ការ​ពិនិត្យ​​តាមដាន​សុខភាព​ ព្រម​ទាំង​មាន​ការ​ផ្គត់ផ្គង់​​ជា​ស្បៀង​អាហារ​ សម្រាប់​ប្រជាពលរដ្ឋដែល​មាន​ការ​ខ្វះខាត​ក្នុង​​ជីវភាព​ផងដែរ​។
ជា​មួយ​គ្នា​នោះ​ ឯកឧត្តម​អភិបាលខេត្ត​ ក៏​បាន​ជម្រុញ​ដល់​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​កំពង់ចាម​ ឲ្យ​ធ្វើ​ការ​សិក្សា​ ក្នុង​ការ​ផ្គត់ផ្គង់​គ្រាប់​ពូជ​លេីដី​ទំនេរ​​ របស់​​ប្រជាពលរដ្ឋ​​ ព្រមទាំង​យក​ចិត្ត​ទុកដាក់​លើ​ការ​​ចិញ្ចឹម​សត្វ​ របស់​បងប្អូន​​ប្រជាពលរដ្ឋ​ ផង​ដែរ​ ៕