សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានអោយដឹងថា៖ សាលាគរុកោសល្យនិងវិក្រិតការខេត្តនេះ ជាទីតាំងមួយក្នុងចំណោមទីតាំងជាច្រើន
កន្លែងដែលរដ្ឋបាលខេត្តបានត្រៀមទុក សម្រាប់ការស្នាក់នៅបណ្តោះអាសន្ននៃការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរមកពីប្រទេសថៃ ការស្នាក់នៅបណ្តោះអាសន្ននេះ គឺដើម្បីតាមដាន ត្រួតពិនិត្យពីសុខភាព ពីសំណាក់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត និងស្តាប់ការណែនាំពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ឲ្យប្រកាន់ខ្ជាប់នូវវិធានអនាម័យ និង ការសម្លាប់មេរោគជាប្រចាំ បើមានរោគសញ្ញាអ្វីកើតឡើងត្រូវរាយការណ៍ជាបន្ទាន់ ។
ក្នុងករណីមានរោគសញ្ញាសង្ស័យ មន្ត្រីជំនាញនឹងយកសំណាកទៅពិនិត្យ តែក្នុងករណីគ្មានរោគសញ្ញាអ្នកចំណូលស្រុក មកពីក្រៅប្រទេសទាំងនោះ នឹងត្រូវដឹកជញ្ជូនទៅរក្សានៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនៅទីតាំងដែលបានរៀបចំនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ (នៅមណ្ឌលចត្តាឡីស័កដែលអាជ្ញាធរបានកំណត់) ។
គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ អាជ្ញាធរខេត្តសៀមរាប បានទៅទទួលប្រជាពលរដ្ឋរបស់ខ្លួន ទើបត្រឡប់មកពីប្រទេសថៃ ចូលមកខេត្តសៀមរាប នៅតាមច្រកព្រំដែនកម្ពុជា-ថៃ សរុបចំនួន ១២៣នាក់ ត្រូវបានដាក់ខ្លួនឲ្យនៅដាច់ឡែករយៈពេល ១៤ថ្ងៃសិន ដើម្បីពិនិត្យនិងតាមដានសុខភាព ទើបអនុញ្ញាតអោយទៅគេហដ្ឋាន។
ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាពិសេសការវិលត្រឡប់របស់ប្រជាពលរដ្ឋពីបរទេស ចូលមកខេត្តសៀមរាប រដ្ឋបាលខេត្ត បានរៀបចំទីតាំងអគារ ០៤កន្លែង និងតាមបណ្តាស្រុកក្នុងខេត្ត ដែលបំពាក់ដោយគ្រឿងបរិក្ខារសមរម្យ សម្រាប់ទទួលប្រជាពលរដ្ឋ បន្តចូលមកក្នុងខេត្តត្រូវអោយពួកគាត់ស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។
លោក ទៀ សីហា បានថ្លែងអំណរគុណដល់ក្រុមការងារគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត មន្ទីរសុខាភិបាលខេត្ត និងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានសម្អាត រៀបចំ និងដាក់ដំណើរការនូវមណ្ឌលចត្តាឡីស័កសម្រាប់ប្រជាពលរដ្ឋខ្មែរវិលមកពីក្រៅប្រទេស (មកពីច្រកអូស្មាច់ ក្រុងសំរោង និងច្រកជាំស្រង៉ាម ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) ដែលមានទីតាំងស្ថិតក្នុងសាលាគរុកោសល្យ និងវិក្រិត្យការខេត្ត ។
សូមបញ្ជាក់ថា គិតមកទល់ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ ខេត្តសៀមរាប មានអ្នកឆ្លងវីរុសកូវីដ១៩ សរុបចំនួន០៧នាក់ ក្នុងនោះជាសះស្បើយចំនួន០៣នាក់ និង កំពុងស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យចំនួន០៤នាក់ ៕





































