ថ្នាក់ដឹកនាំ ខេត្តកំពង់ចាម ចុះពិនិត្យកម្លាំងឈរជេីង គោលដៅ ព្រំប្រទល់ រវាង ខេត្ត ដេីម្បី អនុវត្ត តាមបទបញ្ជារាជរដ្ឋាភិបាល

0

កំពង់ចាម: អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ពាក់ព័ន្ធ នារសៀល ថ្ងៃ ទី ១០ ខែមេសា ឆ្នាំ ២០២០នេះ បានបន្តចុះពិនិត្យ កម្លាំង ឈរ ជើង គោលដៅ ព្រំប្រទល់ រវាង ខេត្ត និង ខេត្ត ដើម្បី អនុវត្ត តាម បទបញ្ជារបស់រាជរដ្ឋាភិបាល លើទីតាំងចំនួនបី ក្នុងស្រុកជើងព្រៃ និងស្រុកចំការលើរួមមាន÷
១. គោលដៅព្រំប្រទល់ រវាងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតាំងគោកខេត្តកំពង់ធំ។
២. គោលដៅព្រំប្រទល់ រវាងស្រុកចំការលើ ខេត្តកំពង់ចាម និងស្រុកតាំងគោក ខេត្តកំពង់ធំ
៣. គោលដៅព្រំប្រទល់ រវាងស្រុកចំការលើ ខេត្តកំពង់ចាម និងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងឱកាសបំពេញបេសកកម្មដ៏សំខាន់នេះ ឯកឧត្តម អ៊ុន ចាន់ដា បានជួបសំណេះសំណាលជាមួយកងកម្លាំងរក្សាការពារសុវត្ថិភាព និងសម្របសម្រួលប្រចាំគោលដៅ ក៏ដូចជាការផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងអស់ត្រូវត្រួតពិនិត្យរាល់ការបំលាស់ទីរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានជាក់លាក់ និងយកវិធានការអប់រំឲ្យប្រជាពលរដ្ឋបានយល់ពីបទបញ្ជរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ឲ្យ អជ្ញាធរ មាន សមត្ថកិច្ច អនុវត្តជាបន្ទាន់នា ក្នុងគោលបំណងទប់ស្កាត់ នៃការរីករាលដាលជម្ងឺ កូវីដ-១៩ ក្រោមការគិតគូរ និងយកចិត្តទុកដាក់បំផុតពីប្រមុខថ្នាក់ដឹកនាំ ដើម្បីធានាបាននូវភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋយើង។

ដោយមើលឃើញនូវការខិតខំប្រឹងប្រែង របស់អាជ្ញាធរមូលដ្ឋាន រួមនឹងកងកម្លាំងយើង អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្ត បានឧបត្ថម្ភនូវថវិកាមួយចំនួនដល់ក្រុមការងារនៅគ្រប់គោលដៅ សំដៅរួមចំណែកជួយសម្រួលក្នុងការអនុវត្តន៍ការងារខាងលើឲ្យទទួលបានលទ្ធផលល្អប្រសើរ និង ប្រកប ដោយ ប្រសិទ្ធភាព ខ្ពស់ ផងដែរ ៕