ខេត្តកំពង់ធំ៖ នៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានទទួល សម្ភារៈ ការពារជំងឺឆ្លងមេរោគកូវីដ១៩ ពីគណបញ្ជាការយោធាទីក្រុងហូជីមីញ កងទ័ពប្រជាជនវៀតណាម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ បានធ្វើឡើងនៅចុងសប្តាហ៍កន្លងមកនេះ ក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាល កំពុងតែយកចិត្តដាក់ និងជម្រុញឲ្យមានការ ចូលរួមទាំងអស់គ្នា ដើម្បីប្រឆាំងនិងជំងឺឆ្លងកូវិដ១៩ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យដឹងថាសម្ភារៈ ដែលទទួលបានពីគណបញ្ជាការយោធាទីក្រុងហូជីមីញ កងទ័ពប្រជាជនវៀតណាម មានចំនួន៩មុខ ក្នុងនោះមាន ១/ម៉ាស់សម្រាប់គ្រូពេទ្យចំនូន៥,០០០ម៉ាស់ ២/ម៉ាស់បួនស្រទាប់សម្រាប់ប្រើប្រាស់ទូទៅចំនួន៥,០០០ ម៉ាស់ ៣/ម៉ាស៊ីនវាស់ស្ទង់កំដៅចំនូន១០គ្រឿង ៤ /សម្លៀកបំពាក់ការពារមេរោគ សម្រាប់គ្រូពេទ្យចំនូន១៥០កំប្លេរ ៥ /ទឹកអាល់កុលលាងដៃសម្លាប់មេរោគចំនួន៣០កេស។
៦ /ថ្នាំក្លូរ៉ាមីនបេ ចំនួន៣ កេស ៧ /ម៉ាស៊ីនបាញ់សម្លាប់មេរោគចំនួន៥ គ្រឿង ៨ /មីចំនួន២០០កេស និង ទី ៩ ថវិកាចំនួន២,០០០ $ ការជួយឧបត្ថម្ភ ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ ជូនដល់កងម្លាំងក្នុងការ ការពារទប់ស្កាត់ និងប្រឆាំងមេរោគកូវីដ១៩ ។
នៅរសៀលថ្ងៃដដែល ឧត្តមសេនីយ៍ទោ សោម បានបន្តដឹកនាំសហការី ទៅឧបត្ថម្ភជូនបុរសពោះម៉ាយ មានឈ្មោះសួន ម៉ុន អាយុ៣២ មានជីវភាពទីទ័លក្រចិញ្ចឹមកូនតូចៗ៣នាក់ បច្ចុប្បន្នមានជីវភាពខ្វះខាត ដោយសារមិនអាចចេញទៅធ្វើជាកម្មករសំណង់ រវល់តែចិញ្ចឹមកូនតូចៗ៣នាក់ រីឯប្រពន្ឋ បានសម្រេចចិត្តចាកចេញពីប្តីដោយគ្មានក្តីអាឡោះអាល័យ រស់នៅភូមិថ្នល់បែកខាងកើត ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
តាមការបញ្ជាក់ពី អាជ្ញាធរឃុំ លោកសួន ម៉ុន ជានុស្សល្អនិងស្លូតត្រង់ រស់នៅក្នុងភូមិមិនចេះផឹកស៊ីស្រវឹងភ្លេចការរកស៊ីចិញ្ចឹមគ្រួសារឡើយ ក្នុងឳកាសនេះដែរ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវជំនួយឧបត្ថម្ភរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ទៅផ្តល់ជូនគាត់មានអង្ករចំនួន៥០គីឡូក្រាមមីចំនួនពីរកេសទឹកត្រីទឹក ស៊ីអ៊ិវចំនូន២យួរ និងថវិកាមួយចំនួន ។
ដោយ ប៊ុន រដ្ឋា