ឯកឧត្ដម ម៉ែន វិបុលអញ្ជើញទទួលយកអំណោយថវិកាពីលោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ស្វាយរៀង៖   នាព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយជាថវិកា ចំនួន ៤.៥០០.០០០រៀល (បួនលានប្រាំសែនរៀល) ពីលោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរ ដែលបានផ្ដល់ជូនរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ដែលបានចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដល់រដ្ឋបាលខេត្តសម្រាប់គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលសរបញ្ជាក់ឲ្យឃើញពីកាយវិការប្រកបដោយសប្បុរស និងជាវប្បធម៌នៃការចែករំលែកជួយគ្នាក្នុងគ្រាលំបាក ហើយថវិកានេះ រដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់បម្រើឲ្យសកម្មភាពនានានៅមូលដ្ឋាន ទាំងការងារផ្សព្វផ្សាយអប់រំពីវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការងារសង្គម ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់នៅមូលដ្ឋានផងដែរ ៕