ព្រះវិហារ៖ រដ្ឋបាលឃុំស្រអែម នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ និងរៀបចំបង្កើតក្រុមការងារ ដើម្បីដាក់ចេញផែនការ ការពារ ថែរក្សា និងអភិរក្សសត្វស្លាប(សត្វត្រយ៉ង) នៅក្នុងតំបន់ទំនប់អាងបង្ហៀរទឹកអូស្វាយ សម្រាប់ទុកជាកន្លែងទេសចរ របស់ភ្ញៀវជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ជូ តុងអាន អនុប្រធានក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ដួង សំនៀង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំស្រអែម និងមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំសមីអង្គភាព នៃស្ថាប័នពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន៣១នាក់ ស្ថិតនៅក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ឯកឧត្តម ជូ តុងអាន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំស្រអែម បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីឲ្យសត្វស្លាបដ៏កម្រនេះ រស់នៅក្នុងតំបន់ទំនប់អាងបង្ហៀរទឹកអូស្វាយ បានយូរអង្វែងនោះ យើងទាំងគ្នាត្រូវចូលរួមសហការគ្រប់គ្រង ការពារ ថែរក្សា និងបន្តផ្សព្វផ្សាយ អប់រំទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងស្ថាប័ន នៃអង្គភាពពាក់ព័ន្ធដែលឈរជើងការពារក្បែរតំបន់នេះ ឲ្យបានយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់ នៃការថែរក្សា ការពារ និងអភិរក្ស នូវប្រភេទសត្វដ៏កម្រ និងមិនដែលបានឃើញ។ ដើម្បីទុកតំបន់មួយនេះ ប្រែក្លាយទៅជាកន្លែងរមណីយដ្ឋានមួយ ដ៏ស្រស់ស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ។
ជាមួយគ្នានេះ ឯកឧត្តម ជូ តុងអាន ក៏បានធ្វើការអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋ និងស្ថាប័នជំនាញពាក់ព័ន្ធ ព្រមទាំងអង្គភាពចំណុះទាំងអស់ដែលមានវត្តមានឈរជើង នៅក្បែរតំបន់សត្វស្លាបកំពុងរស់នៅ ក្នុងភូមិសាស្ត្រខាងលើនេះ សូមបញ្ឈប់សកម្មភាពចំពោះការលបលួចចូលបរបាញ់និងកុំយកឧបករណ៍នេសាទគ្រប់ប្រភេទ ដែលអាជ្ញាធរបានហាមឃាត់ ចុះទៅធ្វើការដាក់នេសាទ នៅក្នុងតំបន់ទំនប់អាងបង្ហៀរទឹកអូស្វាយនោះជាបន្តទៀត។ ហើយបើនៅតែបន្តសកម្មភាពនោះ និងត្រូវមានទោសដោយមិនអាចលើកលែងអោយជាដាច់ខាត ។
ឯកឧត្តម ជូ តុងអាន បានថ្លែងដោយលើកឡើងបន្តថា៖ បើយើងគ្រប់គ្រង ថែរក្សាការពារ និងអភិរក្សបានសត្វស្លាបប្រភេទដ៏កម្រនេះ នោះទៅថ្ងៃមុខប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះ និងមានជីវភាពធូរធារ ដោយទទួលបានផលប្រយោជន៍ជាច្រើន ដូចជាការលក់វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារនានា ជូនឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកលេងកម្សាន្តនៅទីនេះ ។
ដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រង ថែរក្សាការពារ និងអភិរក្សសត្វស្លាប នៅក្នុងទំនប់អាងបង្ហៀរទឹកអូស្វាយ ឯកឧត្តម ជូ តុងអាន អនុប្រធានក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ដួង សំនៀង និងលោក ប្រាក់ ភី មេឃុំស្រអែម បានសម្រេចឧបត្ថម្ភសំលៀកបំពាក់ប្រជាការពារចំនួន ១២កំប្លេ វិទ្យុទាក់ទង ចំនួន១០ និងចូលរួមថវិកាក្នុងការសាងសង់ប៉ុស្តិ៍យាមចំនួន៣កន្លែងជុំវិញតំបន់សត្វស្លាបរស់នៅ ដើម្បីដាក់កម្លាំងការពារកុំអោយមានការរំខានដល់ការរស់នៅ នៃហ្វូងសត្វស្លាបដ៏កម្រនេះផងដែរ៕សួនលីណា