ព្រះស៊ីហនុ៖ ថ្ងៃទី១៤មេសា២០២០ អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យដោះស្រាយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់នៅស្រុកព្រៃនប់។ក្រៅពីការជួបពិភាក្សាលើបញ្ហានេះ ឯ.ឧ អភិបាលខេត្ត ក៏បានចុះពិនិត្យមើលស្ថានភាពនៃការប្រើប្រាស់ទឹកនៅតាមផ្ទះប្រជាជននិងចុះពិនិត្យអាងស្តុកទឹកផងដែរ ខណៈគ្រឿងចក្រកំពុងបន្តកាយស្តាររាល់ថ្ងៃ។
ឯ.ឧ គួច ចំរើន បានណែនាំ ក្រុមហ៊ុនផលិតទឹកស្អាតពង្រីកអាងទឹកអោយធំនិងជ្រៅជាងមុនដើម្បីរក្សាទឹកបានច្រើនធានាការប្រើប្រាស់គ្រន់គ្រាន់ ព្រមទាំងបានណែនាំអោយក្រុមហ៊ុនត្រូវសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរឧស្សាហកម្ម សិប្បកម្ម មន្ទីរធនធានទឹកផងដែរ ដើម្បីធ្វើកិច្ចការនេះអោយបានប្រសិទ្ធិផល។ទន្ទឹមនេះក៏បានព្រមានរុះរើលែងអោយធ្វើអាជីវកម្មប្រសិនណាឆ្នាំក្រោយនៅតែមានបញ្ហាខ្វះខាតដដែលៗដូច្នេះទៀតបើទោះជាមានអាជ្ញាបណ្ណ័ពីក្រសួងក៏ដោយ បើនៅតែធ្វើមិនកើតទុកអោយក្រុមហ៊ុនអានកូធ្វើម្តង។
សូមបញ្ជាក់នៅស្រុកព្រៃនប់មានក្រុមហ៊ុនផលិតទឹកស្អាតលក់ចំនួន២។
១.នៅមូលដ្ឋានឃុំព្រៃនប់
២.នៅទីប្រជុំជនឃុំវាលរេញដែលកំពុងប្រឈមកង្វះទឹកស្អាតប្រើ។
លោក ខូវ ថានិត មេឃុំវាលរេញ អោយដឹងថាប្រជាជនក្នុងឃុំរបស់គាត់បានជួបបញ្ហាខ្វះទឹកស្អាតប្រើតាំងពីសប្តាហ៍ទី១ខែមីនាឆ្នាំ២០២០មកម្លេះ។
រឿងនេះកន្លងមក អភិបាលខេត្តព្រះសីហនុ ធ្លាប់បានចុះសម្របសម្រួលដោយតម្រូវអោយក្រុមហ៊ុនទាំងពីរនេះចែករំលែកទឹកអោយប្រជាជនបានប្រើប្រាស់សិន៕