អភិបាលខេត្តកំពង់ចាម នាំយក អំណោយ សង្គ្រោះ បន្ទាន់ ចែក ជូន ពលរដ្ឋ ៥គ្រួសារ ដែល បាន រុះរើ ផ្ទះ ដោយ សារ ភ័យខ្លាច ការ បាក់ ស្រុត ដី នៅ ស្រុក ស្ទឹងត្រង់

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្ត កំពង់ចាម អមដំណើរ ដោយ អភិបាល រង ខេត្ត ថ្នាក់ដឹកនាំ មន្ត្រី ពាក់ព័ន្ធ និង អជ្ញាធរ មូលដ្ឋាន នាព្រឹក ថ្ងៃ ទី ១៤ ខែមេសា ឆ្នាំ ២០២០នេះ បាន អញ្ជើញ នាំយក អំណោយ សង្គ្រោះ បន្ទាន់ ទៅចែកជូន បងប្អូន ប្រជាពលរដ្ឋ ភ្លាមៗ ចំនួន ៥ គ្រួសារ ដែល បាន រុះរើ ផ្ទះ ដោយ សារ ភ័យខ្លាចចំពោះ ការ បាក់ ស្រុត ដី បន្ទាប់ ពី មាន ភ្លៀង ធ្លាក់ មួយ មេ យ៉ាង ធំ កាល ពី ថ្ងៃ ទី ១៣ ខែមេសានេះ នៅភូមិព្រែកស្ដី ឃុំព្រះអណ្ដូង ស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម ។

ឆ្លៀត ក្នុង ឱកាស នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បាន ថ្លែង ថា ការប្រេះដីខាងក្រោយផ្ទះ បងប្អូន ប្រជាពលរដ្ឋ និងជិតមាត់ច្រាំងទន្លេនេះ គឺមិន បង្ក ឲ្យ ប៉ះពាល់ ដល់ផ្ទះប្រជាពលរដ្ឋទេ។ ដោយ ការប្រេះដីនេះ គឺបណ្តាលមកពីភ្លៀងធ្លាក់មួយមេធំ បានធ្វើឲ្យស្រទាប់ដីផ្នែកខាងក្រោម នៃតំបន់នោះរងការហួតហែងយូរខែ ហើយបានប្រទះទឹកភ្លៀវ ច្រើនដល់ថ្នាក់ដក់ទឹក និងប្រេះបែបនេះ។
ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់នោះ កុំ ឲ្យ មានការភ័យខ្លាច គឺមិនមែនជាការប្រេះស្រាំ ដោយសារការបាក់ស្រុតច្រាំងទន្លេ ដូចលើកមុនទៀតទេ ដោយ មន្ត្រីជំនាញធនធានទឹក យើងបានធ្វើការ ពិនិត្យពិច័យ ច្រាំងទន្លេតំបន់នោះបានត្រឹមត្រូវហើយ ។ ម្យ៉ាងទៀត មុនធ្វើ ការរុះរើផ្ទះសម្បែង សូមបងប្អូន ធ្វើការពិគ្រោះយោបល់ ជាមួយអាជ្ញាធរមូលដ្ឋាន ជាមុនសិន ជៀសវាងការរុះរើទៅ នាំឲ្យបងប្អូន ខាតបង់ថវិកា និងពេលវេលា ដូច នៅ ពេល នេះផងដែរ ។
គួរ បញ្ជាក់ ផង ដែរថា អំណោយ ដែល បាន ផ្តល់ ជូន បងប្អូនប្រជាពលរដ្ឋ នា ឱកាស នោះ ក្នុង ១គ្រួសារ ទទួល បាន ថវិកា ៥០ម៉ឺន រៀល អង្ករ ៥០គីឡូក្រាម មី ០២កេះ ត្រីខ ០២ យួរ ទឹក ស៊ីអ៊ីវ០ ២យួរ និង តង់០ ១ ផងដែរ ៕