ខេត្តកំពង់ធំ៖ នៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពងធំ មានប្រារព្វពិធីសូត្រមន្តបួងសួង លោកតា ម្ចាស់ទឹកម្ចាស់ដី ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន នូវអាគារធ្វើការថ្មីមួយខ្នង ដែលទើបតែសាងសង់រួច ដែលមានទំហំ ២៤៣ម៉ែត្រការ៉េ ដែលមានតំលៃគិតជាទឹកប្រាក់ជាង ៥ម៉ឺនដុល្លា ជាជំនួយ អំណោយរបស់ គណៈបញ្ជាការយោធាខេត្តដុងណាយ នៃកងទ័ពប្រជាជនវៀតណាម ពិធីនេះបានធ្វើឡើង នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២០ ស្ថិតនៅក្នុងបរិវេណបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពងធំ។
ពិធីសូត្រមន្តបន់ស្រន់សុំសេចក្តីសុខ នូវអាគារថ្មីនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពងធំ និងលោកជំទាវ ព្រមទាំង សហការី ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពងធំ បានចូលរួមក្នុងពិធី ដ៏មានសារៈសំខាន់ ក្នុងពេលនេះផងដែរ ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានមានប្រសាសន៍ថា អាគារដែលបានធ្វើពិធី សូត្រមន្ត បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ដើម្បីបន្តធ្វើការក្នុងអាគារថ្មីនេះ គឺមានចំនួន ៥បន្ទប់ ក្នុងនោះមានបន្ទប់មេបញ្ជាការ បន្ទប់ក្រុមលេខាធិការដ្ឋាន បន្ទប់ការិយាល័យផ្នែកហិរញ្ញវត្ថុ បន្ទប់ផ្នែកលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងបន្ទប់សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ មួយបន្ទប់ផងដែរ ។
សូមបញ្ជាក់ថា នេះជាសមិទ្ធិផលថ្មីមួយទៀត ដែលបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលជំនួយឧបត្ថម្ភ ពីគណៈបញ្ជាការយោធាខេត្តដុងណាយ នៃកងទ័ពប្រជាជនវៀតណាម ចំណែកខេត្តដុងណាយ កន្លងមកនេះ ក៏ធ្លាប់បានផ្តល់អាគារចំនួន២ខ្នងរួមមកហើយ ទី១ អាគារគិលានដ្ឋាន ទី២ អាគារបញ្ជាការដ្ឋានវរសេនាតូចលេខ១ ក្នុងឳកាសនេះដែរ ឯកឧត្តម មេបញ្ជាការ បានថ្លែងអំណរគុណ ចំពោះគណៈបញ្ជាការដ្ឋាយោធាខេត្តដុងណាយ កងទ័ពប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភ សមិទ្ធិផលថ្មីៗ សម្រាប់និរន្តភាពការងារ របស់ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ដោយ ប៊ុន រដ្ឋា