ព្រះវិហារ៖ អាជ្ញាធរឃុំស្រអែម បានរៀបចំប្រជុំជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន១៣នាក់។ ដើម្បីឈរជើងថែរក្សាការពារ ជុំវិញតំបន់អភិរក្សសត្វស្លាប «ប្រភេទសត្វចង្កៀងខ្យង» នៅក្នុងទំនប់អាងបង្ហៀរទឹកអូស្វាយ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ ក្រោមកិច្ចសហការណ៍ត្រួតពិនិត្យ ដោយឯកឧត្តម ជូ តុងអាន អនុប្រធានក្រុមការងារ តំណាងឯកឧត្តម ដួង សំនៀង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំស្រអែម ។
ឯកឧត្តម ជូ តុងអាន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំស្រអែម៖ មានប្រសាសន៍ថា ចំពោះបងប្អូនស្ម័គ្រចិត្តទាំង១៣នាក់ ដែលត្រូវបានការងារជ្រើសយកនេះ មិនមានការបង្ខិតបង្ខំ ដោយបងប្អូនស្ម័គ្រចិត្តចូលរួមនៅក្នុងការថែរក្សា ការពារប្រភេទសត្វស្លាបដ៏កម្រនេះ ឲ្យនៅគង់វង្ស ។
ឯកឧត្តម ជូ តុងអាន បានធ្វើការបញ្ជាក់ឲ្យដឹងដែរថា៖ បើទោះបីជាការងារដែលពួកគាត់ធ្វើមិនមានប្រាក់បៀវត្ស ឬសប្រាក់សម្រាប់ជួយឧបត្ថម្ភប្រចាំថ្ងៃក៏ដោយ ប៉ុន្តែបងប្អូននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ នៅក្នុងការ ការពារ ថែរក្សា ស្មោះត្រង់ និងចូលរួមអភិរក្សជាមួយអាជ្ញាធរ។ ដើម្បីឲ្យតំបន់នេះក្លាយទៅជាកន្លែងទេសចរណ៍មួួយ ដែលមានសារៈសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលទស្សនាកម្សាន្ត នៅក្នុងតំបន់ដែលសត្វស្លាបកំពុងមានវត្តមានរស់នៅ ។
ជាមួយនឹងការស្ម័គ្រចិត្តរបស់បងប្អូនទាំង១៣នាក់ឯកឧត្តម ជូ តុងអាន អនុប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំ៖ បានធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នជំនាញពាក់ព័ន្ធ និងអង្គភាពនានា ដែលមានមូលដ្ឋាន នៅជិតតំបន់ទំនប់អាងបង្ហៀរទឹកអូស្វាយ ដែលបច្ចុប្បន្នសត្វស្លាបកំពុងមានវត្តមានរស់នៅ ត្រូវបញ្ឈប់ការលួចចូលបាញ់សម្លាប់សត្វ រួមនិងឧបករណ៍នេសាទគ្រប់ប្រភេទ ដែលអាជ្ញាធរបានធ្វើការហាមឃាត់៕ សួនលីណា