អភិបាលខេត្តកំពង់ចាម ចុះ សួរ សុខទុក្ខ កម្មករ និយោជិត ក្រុម ហ៊ុន មេតថេត ស្រុក កំពង់សៀម ដែល កំពុង បំពេញ ការងារ ធម្មតា តាម ការ ណែនាំ របស់ រាជរដ្ឋាភិបាល

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត អមដំណើរ ដោយ អភិបាល រង ខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត និង អាជ្ញាធរ មូលដ្ឋាន នាព្រឹក ថ្ងៃ ទី ១៦ ខែមេសា ឆ្នាំ ២០២០នេះ បាន អញ្ជើញ ចុះ សាកសួរ សុខទុក្ខ កម្មករ និយោជិត ក្រុម ហ៊ុន មេតថេត ស្រុក កំពង់សៀម ប្រមាណ ជិត ៤០០០នាក់ ដែល កំពុង បំពេញ ការងារ ជា ធម្មតា ដូច រោងចក្រ នានា និង មន្ត្រី រាជការ នៅ ទូទាំង ខេត្ត កំពង់ចាម តាម ការ ណែនាំ របស់ រាជរដ្ឋាភិបាល ដេីម្បី ចូលរួម បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ ១៩ នៅ កម្ពុជា ។

ឆ្លៀត ក្នុង ឱកាស នោះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះ ក្រុមហ៊ុន មេតថេត ខេមបូឌា ខបលីមីតធីត ដែលបានសហការ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវ វិធានការ បង្ការទប់ស្កាត់ការរាត្បាត នៃជម្ងឺកូវីដ១៩ ជាពិសេស បានណែនាំអប់រំដល់កម្មករ និយោជិត ឲ្យមកបំពេញការងារ ទៅតាមតួនាទី ភារកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវ និងទឹកចិត្តសប្បាយរីករាយ ព្រមទាំង បានធ្វើការអប់រំណែនាំ ឲ្យ មានការចូលរួមថែរក្សាអនាម័យ តាមរយៈ ការលាងដៃជាមួយសាប៊ូ ឬអាល់កុល និងការវាស់កំដៅមុនពេលចូលធ្វើការ ដើម្បី បង្ការការឆ្លង នៃជម្ងឺកូវីដ ១៩ ទៅអ្នកដទៃ ដែលកំពុងបំរើការងារនៅក្នុងរោងចក្រ។
ឯកឧត្តមអភិបាលខេត្ត បាន សង្កត់ ធ្ងន់ថា បើទោះបីជាពេលនេះ ខេត្តកំពង់ចាម បានបិទការព្យាបាលជម្ងឺកូវីដ១៩ យ៉ាងណាក្ដី តែយើងទាំងអស់គ្នា នៅតែបន្តការប្រុងប្រយ័ត្នជានិច្ច ជាពិសេស ការអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បី បញ្ជៀសការឆ្លង នៃមេរោគ ដ៏កាចសាហាវ មួយនេះ ឲ្យខាងតែបាន ផងដែរ ។
ជាមួយ គ្នានោះ ឯកឧត្ដម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះ រោងចក្រ Medtecs ដែលកន្លងមក បានជួយឧបត្ថម្ភ នូវម៉ាស់ និងសម្លៀកបំពាក់មួយចំនួន ដល់គណៈកម្មការ ប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ ខេត្តកំពង់ចាម សម្រាប់ផ្ដល់ជូនក្រុមគ្រូពេទ្យ នៅក្នុងខេត្តកំពង់ចាម ដើម្បី ផ្ដល់សេវាព្យាបាលថែទាំអ្នកជម្ងឺកូវីដ ១៩ ដែលមកសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម ផងដែរ ។

សូមបញ្ជាក់ថា បច្ចុប្បន្ន នៅទូទាំងខេត្តកំពង់ចាម មានរោងចក្រធំៗ សរុបចំនួន ១៧កន្លែង និងមានកម្មករសរុប ចំនួន ៣២.៨៦៨នាក់ ។ ដោយឡែក រោងចក្រ (MEDTECS Cambodia Corp Limited) មានកម្មករសរុបចំនួន ៣.៥៤៦នាក់ ស្រី ៣.២៧៥នាក់ ។ បច្ចុប្បន្ន រោងចក្រមួយនេះ បានផលិតសម្ភារៈផ្នែកវេជ្ជសាស្ត្រ មានដូចជា សម្លៀកបំពាក់ការពារ សម្រាប់គ្រូពេទ្យ ជាដើម ដោយនាំចេញទៅលក់ នៅក្រៅប្រទេស នៅក្នុងពិភពលោក ។ ដោយឡែក បច្ចុប្បន្ននេះ ដោយសារតែកម្ពុជាទទួលរងផលប៉ះពាល់ជម្ងឺកូវីដ ១៩ ក្រុម ហ៊ុន ក៏បានផ្គត់ផ្គង់ នូវសម្ភារៈពេទ្យមួយចំនួន ទៅ ឲ្យ ក្រសួងសុខាភិបាលកម្ពុជាប្រើប្រាស់ ផងដែរ ៕