ព្រះសង្ឃគង់នៅវត្តកែវសិក្ខាគិរីស្វារៈទទួលបច្ច័យបានប្រមាណជាង៣០០០ដុល្លាសហរដ្ឋអាមេរិច ពីថ្នាក់ដឹកនាំខេត្តព្រះវិហារ សម្រាប់ទុកកសាង!

ព្រះវិហារ៖ បច្ច័យសរុបប្រមាណជាង៣០០០ដុល្លាសហរដ្ឋអាមេរិច និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ ត្រូវបានឯកឧត្ដមប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងឯកឧត្ដមឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត រួមនឹងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការតាមអង្គភាពពាក់ព័ន្ធទាំងអស់ ដែលចំណុះឲ្យខេត្ត នាំយកទៅវេរប្រគេនដល់ព្រះសង្ឃ គង់នៅវត្តកែវសិក្ខាគិរីស្វារៈ(ហៅវត្តប្រាសាទព្រះវិហារ) ដើម្បីទុកសម្រាប់ចាត់ចែង និងកសាងបន្ត ។

ការប្រគេននេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ នៅក្នុងដំណើរឡើងទៅកាន់កំពូលភ្នំប្រាសាទព្រះវិហារ ដើម្បីធ្វើពិធីបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ដែលបានថែរក្សាការពារលើកំពូលភ្នំប្រាសាទព្រះវិហារ ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ប្រោសប្រទានសេចក្តីសុខ សេចក្តីចម្រើនសិរីមង្គលបរវប្រសេីរជូនដល់មន្ត្រីរាជាការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខ្មែរ ពិសេសក្នុងខេត្តព្រះវិហារគ្រប់ៗ ក្រុមគ្រួសារ ។

ជាមួយគ្នានោះឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងឯកឧត្ដមឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត បានចែកអំណោយជូនដល់បងប្អូនកងកម្លាំងដែលកំពុងមានភារះកិច្ចឈរជើង ថែរក្សា ការពារ និងអភិរក្ស នៅជុំវិញតំបន់ប្រាង្គប្រាសាទព្រះវិហារ ដោយក្នុងម្នាក់ ទទួលបានក្រមា១ និងថវិកាមួយចំនួន និងឧបត្ថម្ភដល់ឯកឧត្តម យ៉ោក វណ្ណលុច មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ទទួលបន្ទុកការងារសន្តិសុខអាជ្ញាធរជាតិព្រះវិហារ នៅថវិកាចំនួន១លានរៀលផងដែរ៕ សួនលីណា