ខេត្តតាកែវ៖ ដោយអនុវត្តតាមបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើលដំណាំកញ្ឆាខុសច្បាប់នៅស្រុកគិរីវង់។
ជាក់ស្តែងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០លោក វរសេនីយ៍ឯក ឈៀង សុន ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន និងលោក វរសេនីយ៍ឯក ព្រហ្ម វាសនា ស្នងការរង ទទួលការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញ និងកម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តសរុបចំនួន២០នាក់ ដើម្បីឡើងស្វែងរកទីតាំងដែលជនខិលខូចលួចដាំដំណាំកញ្ឆាខុសច្បាប់ នៅលើកំពូលភ្នំខាងជើងដុបមហាឥសី ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ជាលទ្ធផលបង្ក្រាបបានរួមមានការកាប់កម្ទេចដុតបំផ្លាញកញ្ឆាចំនួន ៥ទីតាំងលើផ្ទៃដីដាំដុះសរុប ១៩៧៥ ម៉ែត្រការ៉េ បំផ្លាញអាងស្តុបទឹកចំនួន០៧។ ហើយបច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងខាងលើដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ព្រមទាំងបានផ្សព្វផ្សាយអប់រំដល់លោក មេភូមិ មេឃុំ ឲ្យបានជ្រាប និងជួយពន្យល់បន្ថែមឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនកុំឲ្យបន្តដាំដំណាំកញ្ឆានេះតទៅទៀតពីព្រោះជាដំណាំខុសច្បាប់ផងដែរ៕