ព្រះវិហារ៖ ឯកឧត្តម កើត ឆែ អភិបាលរង តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដំណើរដោយ អភិបាលខណ្ឌពោធិ៍សែនជ័យ, អភិបាលខណ្ឌកំបូល, អភិបាលខណ្ឌព្រែកព្នៅ, និងអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកងកម្លាំងប្រដាប់អាវុធ នៃអង្គភាពសម្ព័ន្ធមេត្រីភាពកងពលធំអន្តរាគមន៍លេខ៣, កងពលតូចអន្តរាគមន៍លេខ៩, វរៈនគរបាលការពារព្រំដែនលេខ៧៩៣ ដែលឈរជើងក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារតំបន់ជួរមុខ នៃភូមិសាស្ត្រខេត្តស្ទឹងត្រែង ។
ពិធីនេះបានប្រារព្ធធ្វើឡើង កាលពីព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០ ក្រោមកិច្ចទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយ នាយរងនគរបាលវរការពារព្រំដែនលេខ៧៩៣ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នៃអង្គភាពបញ្ជាការរដ្ឋានកងអង្គរក្ស ប្រចាំទិសទី១ប្រាសាទព្រះវិហារផងដែរ ។
មេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តមស្រី ឌឹក មានប្រសាសន៍លើកឡើងថា ជំនួសមុខអោយនាយទាហាន នាយទាហានរង និងពលទាហាន នាយនគរបាល ពលនគរបាលទាំងអស់ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពកង ពលតូចអន្តរាគមន៍លេខ១២៨ ដែលកំពុងមានភារកិច្ចឈរជើងការពារទឹកដី តាមខ្សែរបន្ទាត់ព្រំដែនជួរមុខ នៅក្នុងតំបន់ភូមិសាស្ត្រ នៃខេត្តស្ទឹងត្រែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អភិបាល អភិបាលរងខណ្ឌទាំងអស់ ដែលជានិច្ចកាលតែងតែជួយទំនុកបំរ៉ុងទាំងសម្ភារៈ មធ្យោបាយ និងថវិកា ក្នុងការទ្រទ្រង់កសាងអង្គភាព ក៏ដូចជាជួយអភិវឌ្ឍន៍ លើកស្ទួយជីវភាពគ្រួសារកងទ័ព ឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។ ជាពិសេស រៀងរាល់រដូវកាល តែងតែដឹកនាំប្រតិភូ ចុះមកសួរសុខទុក្ខ និងសំណេះសំណាល បានជាប់ជាប្រចាំ ។
អភិបាលរងរាជធានីភ្នំពេញ ឯកឧត្តមកើត ឆែ បានថ្លែងដោយពាំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងអស់លោក លោកស្រីអភិបាល អភិបាលរងខណ្ឌទាំងអស់ ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន, នាយនគរបាល ពលនគរបាលការពារព្រំដែន ស្ថិតនៅអង្គភាពជួរមុខទាំងអស់ នៃខេត្តទាំងពីរ ដែលកំពុងបំពេញតួនាទី និងភារកិច្ច ការពារបូរណភាពទឹកដី នាពេលនេះ។ ឯកឧត្តមបានបញ្ជាក់ថា លោកទាំងពីរតែងតែយកចិត្តទុកដាក់ និងបន្តការផ្សារភ្ជាប់ នូវចំណងមេត្រីភាព រវាងអង្គភាពកងទ័ព នៅសមរភូមិមុខ និងស្ថាប័នស៊ីវិល នៅសមរភូមិក្រោយ ជានិច្ច។
ជាមួយគ្នានោះ ឯកឧត្តម កើត ឆែ ក៏បានធ្វើការបញ្ជាក់ដោយណែនាំ ដល់កងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ច ខិតខំបន្តអនុវត្តបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល អោយបានម៉ត់ចត់ និងតឹងរឹងបំផុត។ ដើម្បីរួមគ្នាអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលនៅគ្រាបច្ចុប្បន្នជំងឺដ៏កាចសាហាវនេះ កំពុងតែឆ្លងរីករាលដាលជាសកល នៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជា យើងផងដែរ ។
បន្ទាប់មក ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានប្រគល់អំណោយជាថវិកា របស់រដ្ឋបាលរាជធានីភ្នំពេញជូនដល់អង្គភាពសម្ព័ន្ធមេត្រីភាពរួមមាន៖ អង្គភាពកងពលធំលេខ៣ ថវិកាចំនួន ១០លានរៀល, កងពលតូចលេខ៩ ៥លានរៀល, វរនគរបាលការពារព្រំដែនលេខ៧៩៣ ៥លានរៀល, កងពលតូចលេខ១២៨ ៥លានរៀល, និងឧបត្ថម្ភដល់មេបញ្ជាការ ម្នាក់ៗទទួលបានថវិកា ៤០ម៉ឺនរៀល, មេបញ្ជាការរង ម្នាក់ៗថវិកា ២០ម៉ឺនរៀល, នាយ នាយរងការិយាល័យ ម្នាក់ៗថវិកា ១០ម៉ឺនរៀល, ពលទាហានម្នាក់ៗថវិកា ៥ម៉ឺនរៀល និងឧបត្ថម្ភដល់អង្គភាពបញ្ជាការដ្ឋានកងអង្គរក្ស ប្រចាំទិសទី១ប្រាសាទព្រះវិហារ ថវិកាចំនួន ២០លានរៀលផងដែរ៕ សួនលីណា