កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ បានបំពាក់ម៉ាស៊ីនបាញ់សម្លាប់មេរោគកូវីដ១៩ដោយស្វ័យប្រវត្តិ ចំនួន
៦គ្រឿង នៅតាមទីសាធារណៈ សំខាន់ៗ នៅក្នុងក្រុងកំពង់ចាម ខណៈដែលអ្នកផ្ទុកវីរុសកូរ៉ូណា ទាំង១៦នាក់ ក្នុងខេត្តកំពង់ចាម ត្រូវបានព្យាបាលជាសះស្បើយអស់ហើយ គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ដល់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន ក្នុងគ្រួសារ កន្លែងធ្វើការ ក៏ដូចជានៅទីសាធារណៈ ជៀសវាងការជួបជុំគ្នាក្នុងពិធីធំៗ និងត្រូវពាក់ម៉ាស់នៅទីប្រជុំជន ព្រមទាំងលាងសម្អាតដៃដោយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ និងវាស់ស្ទង់កម្ដៅជារៀងរាល់ថ្ងៃ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ផងដែរ។
គួរបញ្ជាក់ផងដែរថា បេីទោះបីជា ខេត្តកំពង់ចាម មានអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន១៦នាក់ ហើយត្រូវបានព្យាបាលជាសះស្បើយ អស់ហើយក្កី តែមិនត្រូវមានការធ្វេសប្រហែសនោះទេ គឺប្រើវិធីការពារ វាប្រសើរជាងព្យាបាល ដូចជាការបំពាក់ម៉ាស៊ីនបាញ់សម្លាប់មេរោគកូវីដ១៩ ដោយស្វ័យប្រវត្តនេះ ជាវិធីការពារយ៉ាងល្អប្រសើរផងដែរ ៕






































