កំពង់ធំ៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយ លោកម៉ាក់ ប៊ុន ហុង អភិបាលស្ទឹងសែន ជាប្រធានកិត្តិយសសមាគម អតីតយុទ្ធជនក្រុងស្ទឹងសែន និងលោកវរសនីយ៍ទោសៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន អាជ្ញាធរ ដែនដី បានអញ្ជើញចុះប្រគល់ផ្ទះ មួយខ្នង ដែលជាខ្នងផ្ទះលើកទី១៤៩ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ជូនលោកស្រី សួង សុភាព ជាភរិយា អតីតយុទ្ធជនពលី រស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២០។
លោក វ៉ាន់ សំណាង ជាអតីតយុទ្ធជនពលី បានមរណៈភាព កាលពីអាយុ ៤៥ ឆ្នំា អតីតអង្គភាពនគរបាល ស្រុកស្ទោង ខេត្តកំពង់ធំ មានកូនចំនួន២ នាក់ នៅក្នុងបន្ទុក និងភរិយាឈ្មោះសួង សុភាព អាយុ៤៥ឆ្នំា មុខ របរលក់នំចំណីបន្តិចបន្តួច នៅក្នុងសាលារៀន ដើម្បីយកប្រាក់សម្រាប់ចញ្ចឹមជីវិតប្រចាំថ្ងៃ ថ្ងៃនេះបានទទួលផ្ទះថ្មីមួយខ្នង ពីសម្ដេចតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងត្រូវបានដឹកនាំសាងសង់ដោយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។
ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យដឹងថា ផ្ទះថ្មី ដែលបានប្រគល់ជូន គ្រួសារអតីយុទ្ឋជន មានទំហំ៤ម៉ែត្រ x ៦ម៉ែត្រ សាងសង់ពីសរសរបេតុង ឆ្អឹងដែក ជញ្ជាំងនិងដំបូលប្រក់ស័ង្កសីកិនភ្លី រនាបក្រាលក្តារជណ្ដើរកាច់ ក្នុងឳកាសនេះដែរ សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ក៏បាននាំយក អំណោយស្បៀងអាហាររបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា ឧបត្ថម្ភជូនមានអង្ករចំនួន៥០ គ.ក មី២កេស ទឹកត្រីទឹក ស៊ីអ៊ីវ២យួរ ថវិកាមួយចំនួនផងដែរ ។
លោកវរសនីយ៍ត្រី លី ស៊ីណា នាយផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏ បានផ្សព្វផ្សាយសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ស្តីពីវិធានការ ការពារនិងទប់ស្កាត់ជំងឺកូវីដ១៩ និងបានផ្ដល់ជូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីប្រគល់ផ្ទះ ក្នុងម្នាក់ៗទទួលបានសាប៊ូមួយដុំនិង ក្រម៉ាចំនួនមួយសម្រាប់ការពារ ខ្លួន ។
ដោយ ប៊ុន រដ្ឋា