ព្រះវិហារ៖ មន្ត្រីឧទ្យាននុរក្សដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពស្នាក់ការតាកឹង ដែលទើបតែវិលត្រឡប់មកពីចុះល្បាត តាមភូមិសាស្ត្រ ដែលអង្គភាពទទួលខុសត្រូវ បានទទួលអំណោយលើកទឹកចិត្ត ពីឯកឧត្តម ស៊ូ សិរី អភិបាលរង ខេត្តព្រះវិហារ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការបង្ក្រាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិ តំណាងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ។
ការចុះសួរសុខទុក្ខ និងផ្តល់អំណោយលើកទឹកចិត្តនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ បន្ទាប់ពីកម្លាំងបានចេញធ្វើការល្បាត អស់រយៈពេលបួនថ្ងៃ នៅតាមភូមិសាស្ត្រទទួលខុសត្រូវ ដើម្បីបង្ក្រាប ទប់ស្កាត់បទល្មើស ។
អភិបាលរងខេត្ត ឯកឧត្តម ស៊ូ សិរី ជំនួសឱ្យឯកឧត្តមប្រាក់ សុវណ្ណ បានថ្លែងនូវការ កោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះទឹកចិត្តលះបង់ខ្ពស់ របស់បងប្អូន ដោយមិនខ្លាចនឿយហត់ នៅក្នុងការចូលរួមចំណែកថែរក្សាការពារ បង្រ្កាប ទប់ស្កាត់រាល់បទល្មើសព្រៃឈើ តាមគោលដៅ នៅក្នុងតំបន់ដែលអង្គភាពខ្លួនទទួលខុសត្រូវ ។
ឯកឧត្តមស៊ូ សិរី បានបញ្ជាក់ថា៖ ដើម្បីឲ្យធនធានធម្មជាតិ ដកហូតដោយនិរន្តរភាព និងយូអង្វែង យើងទាំងអស់គ្នាត្រូវចេះស្រឡាញ់ គ្រប់គ្រងការពារ ថែរក្សាឲ្យបានគង់វង់ សម្រាប់ទុកឲ្យកូនចៅយើងជំនាន់ក្រោយបានស្គាល់។ ប៉ុន្តែបើយើងទាំងអស់គ្នាមិនចេះស្រឡាញ់ មិនខិតខំនាំគ្នារក្សាការពារទេនោះ សម្បត្តិធនធានធម្មជាតិយើងនិងអស់ ហើយវាអាចបាត់បង់អស់ទាំងដីធ្លី នៅក្នុងតំបន់សហគមន៍យើង នោះទៀតផង ។
បន្ទាប់ពីប្រសាសន៍សំណេះសំណាល ក៏ដូចជាការផ្តាំផ្ញើ បានបញ្ចប់ ឯកឧត្តម ស៊ូ សិរី អភិបាលរង ខេត្តព្រះវិហារ បានធ្វើការប្រគល់ជូននូវអំណោយ ដែលជាការលើកទឹកចិត្ត ជូនដល់បងប្អូនកងកម្លាំងមន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន ៤ម៉ឺនរៀល និងមីចំនួន ១កេះ៕ សួនលីណា