កំពង់ចាម: លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន រួមនឹងមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមចែកកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ-ឥស្លាម ចំនួន២៣៧គ្រួសារ ស្ថិតនៅក្នុងភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលជាអំណោយរបស់សប្បុរសជននានានៅប្រទេសម៉ាឡេស៊ី ។ឆ្លៀតក្នុងឱកាសនោះដែរ លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានរំលឹកឡើងវិញ អំពីប្រវត្តិជូរចត់ ពីអតីតកាល សម័យប៉ុល ពត ៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលជំនឿសាសនាទាំងអស់ ត្រូវបានបំបិទសិទ្ធសេរីភាព មិនថាព្រះពុទ្ធសាសនា ឬឥស្លាមសាសនាឡើយ តែដោយនយោបាយឈ្នះៗ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើអោយប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍឡើងវិញ ក្នុងនោះជំនឿសាសនា ក៏រស់ឡើងវិញ ហើយពុកម៉ែបបងប្អូនខ្មែរ-ឥស្លាមក៏អាចគោរព ប្រកាន់ទំនៀមទំលាប់របស់ខ្លួនបានរហូតដល់សព្វថ្ងៃនេះ។
ជាមួយគ្នានោះ លោកអភិបាលស្រុក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យមានការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន ក្នុងគ្រួសារ ក៏ដូចជានៅក្នុងសហគមន៍ទាំងមូល ពោលគឺត្រូវជៀសវាងការជួបជុំគ្នាក្នុងពិធីធំៗ និងត្រូវពាក់ម៉ាស់នៅទីប្រជុំជន ព្រមទាំងលាងសម្អាតដៃដោយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ និងវាស់ស្ទង់កម្ដៅជារៀងរាល់ថ្ងៃ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាលផងដែរ ។លោក លី មូសា សមាជិកក្រុមប្រឹក្សាស្រុកកោះសូទិន និងជាអ៊ីម៊ាំស្រុកកោះសូទិន បានធ្វេីការថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេស ដែលតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ ក្នុងការរស់នៅរបស់បងប្អូនខ្មែរឥស្លាមជានិច្ច ជាពិសេសនៅក្នុងរដូវ បួសខែរ៉ាម៉ាឌននេះផ្ទាល់តែម្តង ដែលបានផ្តល់អំណោយជា អង្ករ០៨គីឡូក្រាម ស្ករស០៣គីឡូ ទឹកដោះគោ០២កំប៉ុង ទឹកស៊ីរ៉ូ០១ដប ប្រេងឆា០១ដប សាគូ០១គីឡូ និងតែ០១កញ្ចប់ គិតជាថវិកាអស់៤.៥៤០០៛ សម្រាប់ក្នុង០១គ្រួសារ ដែលសរុបរួមអស់ថវិកា ចំនួន១០.៧៥៩.៨០០៛ សម្រាប់ចែកជូនប្រជាពលរដ្ឋ ចំនួន២៣៧គ្រួសារ ៕