(ខេត្តព្រះសីហនុ)៖ផ្លូវថ្នល់ជាច្រើនខ្សែនៅខេត្តព្រះសីហនុ កំពុងត្រូវបានយកចិត្តទុកដាក់ស្ថាបនាឡើងវិញដោយធានាបាននូវគុណភាពសម្រាប់ការដឹកជញ្ជូនគ្រប់ប្រភេទ។ក្នុងនោះផ្លូវចំនួន៣៤ខ្សែត្រូវបានបើកការដ្ឋានក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោហ៊ុន សែន កាលពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០១៩ដោយប្រើកញ្ចប់ថវិកាពិសេសរបស់រដ្ឋាភិបាលតាមរយៈគោលការណ៍ស្លឹកត្នោតខ្ចប់ស្ករត្នោត។ដោយឡែកផ្លូវជាច្រើនខ្សែទៀតក៏បានធ្វើឡើងក្នុងពេលដំណាលគ្នានេះផងដែរដោយកញ្ចប់ថវិកាក្រសួងសាធារណៈការដឹកជញ្ជូននិងថវិការរបស់ខេត្តផ្ទាល់។
ទន្ទឹមនឹងការស្វះស្វែងធ្វើផ្លូវក្នុងខេត្ត ការស្តារប្រពន្ធ័ប្រឡាយបង្ហូរទឹកបញ្ចៀសការជន់លិច ការគ្រប់គ្រងសំណល់រឹង រាវ ការតបណ្តាញទឹកស្អាត បណ្តាញអគ្គីសនី ការកែលម្អសោភណ្ឌភាពឆ្នេរសមុទ្រ រម្មណីយដ្ឋាន ការអភិវឌ្ឍកំពង់ផែ ព្រលានយន្តហោះអន្តរជាតិ ផ្លូវដែកនិងផ្លូវល្បឿនលឿនតភ្ជាប់ក្រុងព្រះសីហនុ ជាដើម ក៏កំពុងដំណើរការព្រមគ្នាផងដែរដើម្បីធ្វើអោយខេត្តព្រះសីហនុ កាន់តែមានសក្តានុពលនិងទាក់ទាញបន្ថែមទៀត។
មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលទទួលបន្ទុកការងារទាំងអស់នេះក៏បានចុះពិនិត្យដំណើរវិវត្តិនៃគម្រោងនេះជាបន្តបន្ទាប់។ជាក់ស្តែងនៅរសៀលថ្ងៃទី២១ខែមេសាឆ្នាំ២០២០ ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម សាយ សំអាល់ និងសហការី ដោយមានវត្តមានអមដំណើរដោយ ឯ.ឧ ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯ.ឧ គួច ចំរើន អភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ពន្ធ័ អភិបាលក្រុងព្រះសីហនុ និងមន្ត្រីអមដំណើរជាច្រើននាក់ទៀតផងដែរ បានអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវទាំង៣៤ខ្សែនៅខេត្តព្រះសីហនុ ជាថ្មីទៀតដើម្បីមើលវឌ្ឍនភាពថ្មីៗ។
គួររំលឹកថា ឯកឧត្តម សាយ សំអាល់ និងសហការី កន្លងមកតែងបានចុះពិនិត្យដំណើរការធ្វើផ្លូវទាំង៣៤ខ្សែនេះជាបន្តបន្ទាប់និងមកជួបប្រជាជនដើម្បីឈ្វេងយល់ពីសុខទុក្ខ តម្រូវការចំពោះមុខនិងសំណូមពរ របស់ប្រជាជនផងដែរ។ឯកឧត្តម ក៏បានបង្ហាញនូវការខិតខំយ៉ាងខ្លាំងក្លាក្នុងការជួយដោះស្រាយក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋនិងបានប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងខេត្តព្រះសីហនុឱ្យទៅជាប៉ូលសេដ្ឋកិច្ចពិសេសមួុយគឺជាខេត្តឧស្សាហកម្មគំរូពហុបំណង ស្របតាមចក្ខុវិស័យនិងបំណងប្រាថ្នាដ៏មុតស្រួចនៃរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ធ្លាប់បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា បានផ្សារភ្ជាប់ខ្លួនជាមួយនឹងប្រជាជននៅគ្រប់កាលៈទេសៈ ស្មោះស្ម័គ្របម្រើប្រជាជនអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតីប្រកបដោយឆន្ទៈមោះមុតក្នុងការអនុវត្តការកែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក និងគ្រប់វិស័យទាំងអស់ដើម្បីឆ្លើយតបបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋខ្មែរ។ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានប្តេជ្ញាលើកកម្ពស់ភាពជាម្ចាស់លើជោគវាសនារបស់ប្រទេសជាតិ តម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមទាំងធានារក្សាឱ្យបានក្នុងគ្រប់កាលៈទេសៈនូវសុខសន្តិភាព ការអភិវឌ្ឍ ជំនឿទុកចិត្ត និងការគាំទ្រពីសំណាក់ ប្រជាជន។
បើយោងតាម ឯឧ គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអោយដឹងថាគិតត្រឹមថ្ងៃទី១៩ខែមេសាឆ្នាំ២០២០ ក្រុមហ៊ុនធ្វើបានសម្រេចលទ្ធលជារួម៖ចំពោះកាចាក់បេតុងបាន៥៦% អាចទាន់ពេល ចំណែកឯការដាក់លូ បានសម្រេច ៦៨% ។រាល់ថ្ងៃក្រុមហ៊ុនកំពុងតែសម្រុកយ៉ាងសកម្មដើម្បីសម្រេចបានតាមផែនការគ្រោងទុក៕
អត្ថបទ៖ខៀវ សាវ៉ុន